ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង និងសួរសុខទុក្ខកងកម្លាំងប្រចាំការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអមដំណើរដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តមអភិបាលខេត្ត អ៊ុ រាត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលបន្តចាកចេញពីប្រទេសថៃ ហើយវិលត្រឡប់ចូលស្រុកកំណើតជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈដែលពលករមួយចំនួនសម្រេចចិត្តវិលត្រឡប់មកវិញ។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ទៅកាន់កងកម្លាំង និងមន្ត្រីប្រចាំការថា «បងប្អូនកងកម្លាំង និងមន្ត្រីទាំងអស់ ត្រូវបន្តខិតខំជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់បែបយ៉ាង ចាប់ពីមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត ការផ្តល់ព័ត៌មានទីផ្សារការងារ រហូតដល់ការគិតគូរអំពីសុខភាពរបស់ពួកគាត់។ នេះជាកាតព្វកិច្ចរបស់យើងក្នុងការបម្រើប្រជាជន និងបង្ហាញការទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាល»។

ចំណែកឯ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបន្ថែមដែរថា «អាជ្ញាធរខេត្តតែងតែត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ និងសម្របសម្រួលដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងផ្តល់នូវជំនួយចាំបាច់នានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ យើងនឹងខិតខំបំពេញតួនាទីរបស់យើងឱ្យបានល្អបំផុត»។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរខេត្ត មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ដែលបានបង្ហាញនូវគោលជំហរគោរព និងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការឈរជើងរឹងមាំនៅព្រំដែន។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមានភាពម្ចាស់ការ និងឯករាជ្យ ដោយមិនអនុញ្ញាតឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឡើយ។

គិតត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីក្រសួងការងារ និងបណ្ដុះបគិតណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរក្នុងការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។
ពលករខ្មែរម្នាក់ឈ្មោះ សៀក ចាន់ណា ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ។ លោកបានថ្លែងទាំងទឹកមុខញញឹមថា
«ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដែលឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តបានចុះមកសួរសុខទុក្ខពួកខ្ញុំដោយផ្ទាល់។ នេះបានបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលពិតជាគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋជាមូលដ្ឋាន។ ពួកខ្ញុំមានអារម្មណ៍កក់ក្តៅ និងមានសង្ឃឹមក្នុងការចាប់ផ្តើមជីវិតថ្មីនៅស្រុកកំណើត»។

ពលករម្នាក់ទៀតឈ្មោះ លី សុខុម ក៏បានចែករំលែកអារម្មណ៍របស់ខ្លួនថា «កាលពីមុនខ្ញុំបារម្ភច្រើន តែឥឡូវនេះខ្ញុំឃើញមានការជួយសម្រួលច្រើនពីសំណាក់អាជ្ញាធរ និងកងកម្លាំង។ គេជួយទាំងមធ្យោបាយធ្វើដំណើរ ជួយប្រាប់ព័ត៌មានការងារ ហើយថែមទាំងយកចិត្តទុកដាក់ដល់សុខភាពពួកខ្ញុំទៀត។ ខ្ញុំមានអារម្មណ៍ថា មានការគាំទ្រពេញលេញ»។
ដំណើរចុះត្រួតពិនិត្យ និងសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងគាំទ្រដល់ប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសពលករដែលប្រឈមនឹងការលំបាកនានា។ វត្តមានរបស់ថ្នាក់ដឹកនាំនៅច្រកព្រំដែន គឺជាសារមួយដ៏សំខាន់ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធានាបាននូវសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ: ឈុនសារ៉ាត





