គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ -- នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥ ដែលជាពិធីប្រវត្តិសាស្រ្តមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយបានប្រារព្ធនៅសាលប្រជុំធំ នៃមន្ទីរបក្សខេត្តកំពង់ស្ពឺ។

ឯកឧត្តមប្រធានគណបក្សខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា ការប្រារព្ធពិធីនេះក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការីជន សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមទាំងនេះ និងធ្វើឱ្យប្រជាជាតិមាតុភូមិជាទីស្នេហានៃយើងបានស្ថិតស្ថេររីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុត ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងរហូត។

ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺការប្រមូលកម្លាំងជាតិដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿ សាសនា ដើម្បីរួមកម្លាំងគ្នាកសាង ការពារជាតិមាតុភូមិ និងប្រជាជន ឈរលើបាវចនា «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។ ជាពិសេស ការសម្រេចបានជ័យជម្នះ ជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយគណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន សម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសុខសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវអំណរអរគុណយ៉ាងក្រៃលែងបំផុតជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការបម្រើប្រជាជន រួមគ្នាក្នុងការអនុវត្ត តួរនាទី ការកិច្ច ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានសមិទ្ធផលការងារយ៉ាងត្រចះត្រចង់ធំៗជាច្រើននារយៈពេលកន្លងមកនេះ ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជាក្នុងការកសាងប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពស្នេហារជាតិយ៉ាងពិតប្រាកដ។

ឯកឧត្តមគណៈអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា កម្ពុជាត្រូវការនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជន និងប្រទេសណាមួយឡើយ។ នៅក្នុងចំណុចនេះ យើងចង់គូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ ឮបានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។


ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់ រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធី ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ២០០០។ ពីអតីតកាលកម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយដោយសារការឈ្លានពានដណ្តើមយកពីបរទេស។ យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី៕
ដោយ: លឹម សាន្ត





