ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ និងឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំងយុទ្ធោបករណ៍ និងមធ្យោបាយសម្ភារៈ
AKP កំពង់ធំ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំងយុទ្ធោបករណ៍ និងមធ្យោបាយសម្ភារៈ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានរាយការណ៍អំពីស្ថានភាព លក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រតិបត្តិការ ព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមប្រធានគណៈអធិបតី ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតីភាពនាឱកាសនេះ។
ឧត្តមសេនីយ៍ទោ ហេង សុផល បានរំលេចអំពីស្នាដៃ គុណបំណាច់របស់បងប្អូនកងកម្លាំងបេសកកម្មជាតិមាតុភូមិ ក្នុងឱកាសប្រទេសជាតិប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសបុណ្យជាតិ និងអន្តរជាតិនាពេលកន្លងមក ធានាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អប្រសើរបំផុតស្របតាមគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព"។

ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរុខទុក្ខពីសំណាក់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងនគរបាល ដែលលះបង់កម្លាំងកាយចិត្តផ្ទាល់ខ្លួន អនុវត្តតួនាទី/ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានកោតសរសើរចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលប្រមូលផ្ដុំកងកម្លាំងប្រកបដោយភាពម៉ឺងម៉ាត់អង់អាចក្លាហាន និងបានត្រៀមលក្ខណៈរួចជាស្រេចចំពោះសម្ភារៈ មធ្យោបាយ រង់ចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលដើម្បីការពាបូរណភាព អធិបតេយ្យភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ កងកម្លាំងទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗអំពីគោលនយោបាយ គោលការណ៍ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្ដមបានប្រគល់អំណោយដ៏ថ្លៃថ្លាដែលជាការឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរួមមានអង្ករ ៣តោន មី ៦០កេស និងទឹកស៊ីអ៉ីវចំនួន ៥០កេស៕
ដោយ: ស៊ុម វណ្ណា (ប្រភព: ស្នងការនគរបាលខេត្តកំពង់ធំ)





