ឯកឧត្ដម ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគតប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយណាស់ចំពោះអនាគតប្រជាពលរដ្ឋ។ សូមរួមគ្នាជាធ្នុងមួយជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត។

ការលើកឡើងបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព ២៥ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ការប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង ៥៧៧រូបនេះ ធ្វើឡើងដោយយោងទៅតាមការស្នើសុំរបស់សាខាគណបក្ស ភ.ព៨,ភ.ព១១, ភ.ព១២, ភ.ព១៣, ភ.ព១៤, ភ.ព១៦, ភ.ព១៨, ភ.ព១៩, ភ.ព២១, ភ.ព២៣, ភ.ព២៤ និងភ.ព២៥។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បងប្អូនទាំង ៥៧៧រូបនេះពិតជាមានសំណាងណាស់ដែលត្រូវបានរប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជាលើកទី៧៤។គណបក្សប្រជាជនកម្ពុជាមានគុណបំណាច់ធំធេងណាស់សំរាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិចេញពីចំណុចសូន្យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិបានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ក្នុងពេលប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ ទើបយើងបានដឹងនិងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ នោះគឹសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនការពារព្រំដែនតែជាមួយការឈ្លានពានពីទាហានថៃនោះទេ គឺកម្ពុជាបានការពារគ្រប់ព្រំដែនជិតខាងទាំងអស់ ដោយមិនឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ សូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត ១សន្លឹករបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត។
ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានបន្ដថា ថ្នាក់ដឹកនាំរបស់យើងមានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគតប្រជាពលរដ្ឋ។ សូមបងប្អូនដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាជាធ្នុងមួយ ធ្វើដំណើរជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារដាច់ខាតនូវបូរណភាពទឹកដីឱ្យបានគង់វង្ស៕
ដោយ៖ សួស សំរិត





