នៅថ្ងៃដំបូងនៃពិព័រណ៌ផ្លែឈើនៅខេត្តបាត់ដំបង ផ្លែទុរេនលក់បានជាង ៧តោន
AKP បាត់ដំបង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ -- នៅក្នុងពិធីពិព័រណ៌ផ្លែឈើខេត្តបាត់ដំបងដែលប្រព្រឹត្តិទៅនៅក្រុងបាត់ដំបង ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរកសិកម្មខេត្ត គឺមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលនៅក្នុងនោះមានការដាក់តាំងបង្ហាញនូវផ្លែឈើជាច្រើនប្រភេទ និងផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កូនខ្មែរ ពិសេសក៏មានការរៀបចំជាកម្មវិធីប៊ូហ្វេទុរេនផងដែរ ដែលផ្លែទុរេនភាគច្រើននាំមកពីស្រុកសំឡូត។

ក្នុងការរៀបចំជាពិព័រណ៌ផ្លែឈើនៅខាងមុខសាលាខេត្តនេះ រដ្ឋបាលខេត្តក៏បានបង្កើតជាស្តង់យ៉ាងច្រើនផងដែរសម្រាប់ឱ្យអាជីវករលក់ដូរមុខទំនិញផ្សេងៗរបស់ខ្លួននៅតាមបណ្ដោយដងស្ទឹងសង្កែត្រើយខាងកើត។ ដោយឡែក សម្រាប់ស្តង់ផ្លែឈើគឺបានរៀបចំនៅខាងមុខមន្ទីរទេសចរណ៍ខេត្ត ដែលមានស្តង់សរុប ៣៣កន្លែង ដោយស្តង់លក់ទំនិញ និងស្តង់ផ្លែឈើក្នុងស្រុកទាំងអស់នោះត្រូវបានអនុញ្ញាតឱ្យលក់រយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយឡែកសម្រាប់ិកម្មវិធីប៊ូហ្វេទុរេន គឺមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

យោងតាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា អ្នកដែលមានបំណងចង់ញ៉ាំទុរេន គឺត្រូវទិញសំបុត្រនៅមន្ទីរទេសចរណ៍ខេត្ត ដែលមានតម្លៃ ៥០.០០០រៀលសម្រាប់មនុស្សធំ និង៣០.០០០រៀលសម្រាប់ក្មេង ដោយភ្ញៀវទាំងអស់អាចញ៉ាំទុរេនដោយសេរី។ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា សម្រាប់ប៊ូហ្វេទុរេននេះ គឺមានម្ចាស់ចម្ការទុរេនធំៗចូលរួមចំនួន ១៨នាក់ ហើយនៅថ្ងៃដំបូងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នោះ គឺផ្លែទុរេនលក់បានជាង ៧.៣៥០គីឡូក្រាម ដែលសុទ្ធសឹងជាទុរេនមកពីតាមចំការនៅក្នុងស្រុកសំឡូត។ ដោយឡែក នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ សន្ទុះនៃការលក់ផលិតផលផ្លែទុរេនហាក់មានកំណើនខ្លាំងជាងថ្ងៃដំបូង ព្រោះអ្នកទទួលទានមានការជឿជាក់ទៅលើរសជាតិទុរេនសំឡូតពិតៗ មិនមែនដឹកពីប្រទេសជិតខាងមកបន្លំឡើយ ហើយការរៀបចំជាប៊ូហ្វេទុរេននេះ នឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃទៀតទើបបញ្ចប់៕
ដោយ៖ សុផល





