សម្ដេចតេជោ កត់សម្គាល់ដោយមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥។

ថ្លែងក្នុងពិធីមីទ្ទីងរម្លឹកខួបទី ៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) នាព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន ៧ មករា រាជធានីភ្នំពេញ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងដំណើរវិវត្តន៍ជាវិជ្ជមាននេះ ក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ សម្តេចតេជោបញ្ជាក់ថា តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥។ ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាម៉េរិក កើន១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើន ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៤។ សម្តេចតេជោបានបន្តថា គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន ២៩០ គម្រោង កើន១៣៧ គម្រោងនិងមានទុនវិនិយោគប្រមាណ ៤,២ ពាន់លានដុល្លារអាម៉េរិក កើន ១,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ២០ម៉ឺនកន្លែង។ ចំនួនសហគ្រាសគ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករ និយោជិតសរុប ១,៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់។ ចំពោះការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ ២០២៥ សម្រេចបាន ៩០៧ ៨៨៩ ហិកតា លើសឆ្នាំមុន ៦៧ ៧០១ហិកតា។ ឯការប្រមូលផលស្រូវរដូវប្រាំងសម្រេចបាន ៤ ២៥៤ ៥០៨ តោន លើសឆ្នាំមុន ៤១៨ ០០០ តោន ស្មើនឹង ១០,៩០%។ សម្តេចតេជោបានបន្ថែមថា កម្ពុជាបានទទួលទេសចរអន្តរជាតិ ចំនួន ២,៩៥ លាននាក់ កើន ១១,៧% ឯទេសចរជាតិមានចំនួន ១៣,១៦ លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។

ជាមួយគ្នានេះ បើតាមសម្តេចតេជោ ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្ដហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀត។ ឆ្លងតាមលទ្ធផលជាក់ស្ដែងទាំងអស់នេះ បានបង្ហាញថារាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍នូវអ្វីៗដែលជាការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះមុខ ប្រជាជនប្រកបដោយជោគជ័យ៕
ដោយ៖ ជឹម ណារី





