ព្រឹត្តិការណ៍ផ្លែឈើ២០២៥ នៅខេត្តបាត់ដំបងមានការដាក់តាំងលក់បន្លែផ្លែឈើក្នុងស្រុកជាច្រើនមុខ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញកាត់ខ្សែបូរបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្តចាស់ នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីឱ្យបងប្អូនជាអ្នកដាំបន្លែ ផ្លែឈើ និងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរនូវផលិតផលរបស់ពួកគាត់ជូនទៅអ្នកទទួលទាន និងជាការទាក់ទាញនូវការគាំទ្រចំពោះបន្លែ ផ្លែឈើ និងដំណាំផ្សេងៗដែលដាំនៅក្នុងស្រុកផងដែរ។

ឯកឧត្តម សុខ លូ បានបន្តថា ខេត្តនឹងរៀបចំឱ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផលអ្នកបាត់ដំបងនៅតាមរដូវកាលនៅថ្ងៃអនាគត និងបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ផ្លែឈើនេះនឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចំការបានលក់ដូរបន្លែ ផ្លែឈើ និងផលិតផលរបស់ខ្លួន ព្រមទាំងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រនូវអ្វីដែលជាផលិតផលខ្មែររបស់អ្នកបាត់ដំបង។

សូមជម្រាបថា ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះមានការតាំងលក់ផលិតផលភូមិ១ ផលិតផល១ ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបង មានដូចជាផ្លែទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទដែលដាំដុះក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានរៀបចំឱ្យមានកម្មវិធីប៊ូហ្វេទុរេនបាត់ដំបងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ផងដែរ៕



ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





