លោកជំទាវ ពុំ ចន្ទីនី អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ -- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន៣២នាក់ និងបំពាក់កន្សែងជូនយុវជន កាកបាទក្រហមកម្ពុជាចំនួន ៤០នាក់ មកពីអនុវិទ្យាល័យប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សមាជិក គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។

ឯកឧត្តម ឃុន សាម៉េង ប្រធាននាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គទី៤ ដែលអ្នកស្ម័គ្រចិត្ត ទទួលបានការបណ្តុះបណ្តាល ដូចជាវគ្គមូលដ្ឋានគ្រឹះ ស្តីពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម និងវគ្គបច្ចេកទេសកសិកម្មទំនើប។

ចំពោះវគ្គបណ្តុះបណ្តាលចំនួន ២ថ្ងៃនេះ មានសិក្ខាកាមចំនួន ៣២នាក់ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន បរិយាប័ន្នពិការភាព លើកកម្ពស់សិទ្ធជនពិការ សហគមន៍មានភាពធន់ទៅនឹងអាកាសធាតុ មានសុខភាពល្អ។ ក្រោយបញ្ចប់វគ្គ សិក្ខាមានការយល់ដឹងជាមធ្យម ៩៦%។

លោកជំទាវ ពុំ ចន្ទីនី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងវិស័យមនុស្សធម៌ ទទួលបានកិត្តិនាមល្បីឈ្មោះទាំងផ្ទៃប្រទេស និងលើឆាកអន្តរជាតិ និងជាមាតាមនុស្សធម៌ ដែលមានភស្តុតាងជាក់ស្តែងក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញនេះស្រាប់ ហើយបានឧបត្ថម្ភថវិកាសម្រាប់សាងសង់ផ្ទះចំនួន ៦២៨ខ្នងផ្ទះ ជូនយោធិនពិការ ៦២៨នាក់ ដោយសហការជាមួយរាជរដ្ឋាភិបាល ផ្តល់ដីសម្បទានសម្រាប់សាងសង់លំនៅដ្ឋាន ធ្វើការដាំដុះ និងបានសាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោកជំទាវ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន ដែលមានរយៈពេល ២ថ្ងៃនេះ រហូតទទួលបានផ្លែផ្កាគួរជាទីកត់សម្គាល់ និងសូមឱ្យសាខាទាំងអស់ត្រូវបន្តបណ្តុះបណ្តាលជូនយុវជន និងអ្នកស្ម័គ្រចិត្តនៅសាខានីមួយៗតាមផែនការដែលបានគ្រោងទុក ដើម្បីបង្កើននិរន្តរភាព កិច្ចគាំពារសង្គម ការលើកកម្ពស់សិទ្ធិជនមានពិការភាព ការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងអត្ថប្រយោជន៍នៃការដាំកូនឈើនៅតាមសាលារៀន តាមសហគមន៍ ឮឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។

លោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តម ហៀម ឃួន បានបំពាក់កន្សែងជូនយុវជនចំនួន ៤០នាក់ និងបានផ្តល់ជូននូវសម្ភារៈសង្គ្រោះបឋម វិទ្យុទាក់ទង និងអាវកាក់ ហើយលោកគ្រូ អ្នកគ្រូ ទទួលបានអង្ករ ៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកា ៥ម៉ឺនរៀល ព្រមទាំងយុវជនទទួលបានថវិកា ២ម៉ឺនរៀល។

ទន្ទឹមនឹងនេះដែរ គណៈអធិបតី និងអ្នកចូលរួមទាំងអស់បានបន្តដាំដើមឈើដំណាក់កាលដំបូង ចំនួន ១០០ដើម លើផ្ទៃដីរបស់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ទំហំប្រមាណ ៥ហិកតា ដែលរួមមានដើមធ្នង់ ដើមច្រេស និងដើមក្ងោកផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





