ឯកឧត្តមបណ្ឌិត តូច ប៉ូលីរ៉ា ជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ បន្តពង្រឹងតួនាទី ធ្វើជាសេនាធិការ និងអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»
AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត តូច ប៉ូលីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ បន្តពង្រឹងតួនាទី ធ្វើជាសេនាធិការ និងអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក ឃុំ សង្កាត់ទាំង៩ ទូទាំងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលរងខេត្ត បានថ្លែងការកោតសរសើរអំពីស្នាដៃរបស់កងកម្លាំងទាំងបីប្រភេទ មន្រ្តី និងអាជ្ញាធរមូលដ្ឋាន ដែលចូលរួមយ៉ាងសកម្មធានាការពារបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម ក្នុងព្រឹត្តិការណ៍សំខាន់ៗនាពេលកន្លងមក និងទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទជាបន្តបន្ទាប់ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានសហការចូលរួមទប់ស្កាត់បទល្មើសផ្សេងៗប្រកបដោយការយកចិត្តទុកដាក់និងមានការទំនួលខុសត្រូវខ្ពស់។

ដោយឡែក ក្នុងឱកាសនោះដែរ ឯកឧត្តម តូច ប៉ូលីរ៉ាក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រៀមលក្ខណៈជាស្រេចដើម្បីទទួល និងសម្របសម្រួលដល់ការវិលត្រឡប់របស់ពលករមកពីប្រទេសថៃចូលស្រុកកំណើតវិញឱ្យបានរលូន និងមានសុវត្ថិភាព។ ដោយឯកឧត្តមបានមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការត្រៀមបង្ការ ដើម្បីផ្តល់ជំនួយចាំបាច់ដល់ពលករដែលវិលត្រឡប់មកវិញ ជាពិសេសអ្នកដែលកំពុងជួបការលំបាក។

ជាមួយគ្នានេះដែរ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ច ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការជួយរៀបចំឯកសារផ្សេងៗជូនបងប្អូនក្នុងករណីមានការបាត់បង់។
ឯកឧត្តមបណ្ឌិតគណៈអភិបាលខេត្តក៏បានថ្លែងលើកទឹកចិត្តឱ្យបងប្អូនដែលវិលត្រឡប់មកមាតុភូមិវិញទាំងអស់ បន្តមានក្តីសង្ឃឹម និងជឿជាក់លើរដ្ឋបាលខេត្តកំពង់ស្ពឺដែលតែងតែយកចិត្តទុកដាក់ និងជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្តនឹងខិតខំប្រឹងប្រែងស្វែងរកនូវឱកាសការងារ ក៏ដូចជាធានានូវលក្ខខណ្ឌការងារសមរម្យសម្រាប់បងប្អូនពលករទាំងអស់ដែលវិលត្រឡប់មកស្រុកកំណើតក៍ដូចជាមាតុភូមិវិញ៕






ដោយ: លឹម សាន្ត





