ឯកឧត្តម កែ គឹមយាន ចុះសួរសុខទុក្ខប្រជាពលរដ្ឋភូមិថ្លក ឃុំបន្ទាយឆ្មារ ក្រោយជួបកម្លាំងការពារព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ -- បន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងនគរបាលនៅវរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨៩១ រួចមក កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយនឹងក្រុមការងារ និងអាជ្ញាធរដែនដី បានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិថ្លក ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ ក៏ដូចជាការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម កែ គឹមយាន បានសង្កត់ធ្ងន់ថា «ការអភិវឌ្ឍប្រទេសជាតិមិនអាចកាត់ផ្ដាច់ពីការចូលរួមរបស់ប្រជាពលរដ្ឋបានឡើយ។ រាល់សមិទ្ធផលទាំងអស់ដែលយើងសម្រេចបាននាពេលបច្ចុប្បន្ន គឺកើតចេញពីកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមករវាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ»។

លើសពីនេះទៀត ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតដោយសុចរិត ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពសហគមន៍។ ឯកឧត្តមក៏បានសន្យាថា នឹងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹកស្អាតជាដើម ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ចំណាប់អារម្មណ៍របស់លោក អែម សុខា អភិបាលស្រុកថ្មពួក ក៏បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់ឯកឧត្តម កែ គឹមយាន និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋាន។

លោកអភិបាលស្រុកបានលើកឡើងថា ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយព្រំដែន។
លោក អែម សុខា បានថ្លែងបន្តថា «វត្តមានរបស់ឯកឧត្តមនាពេលនេះ មិនត្រឹមតែបានផ្តល់នូវកម្លាំងចិត្ត និងភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងប្រជាជន ដែលជាកត្តាសំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយសុខដុមរមនា»។
លោកអភិបាលស្រុកក៏បានគូសបញ្ជាក់ផងដែរថា អាជ្ញាធរស្រុកថ្មពួក នឹងបន្តអនុវត្តនូវរាល់អនុសាសន៍ និងគោលការណ៍ណែនាំនានារបស់ថ្នាក់ដឹកនាំ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមជម្រាបថា ការចុះសួរសុខទុក្ខរបស់ឯកឧត្តម កែ គឹមយាន នៅភូមិថ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដែលបានបន្សល់ទុកនូវក្តីសង្ឃឹម និងជំនឿចិត្តដល់ប្រជាពលរដ្ឋក្នុងការបន្តចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែរីកចម្រើននាពេលអនាគត៕
ដោយ: ឈុន សារ៉ាត





