រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ សេចក្តីណែនាំថ្មី ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ -- លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពអ់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារផ្សព្វផ្សាយទិន្នន័យ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ដ្រីរាជការមន្ទីរផែនការខេត្ត មន្ដ្រីទទួលបន្ទុកការងារមូលនិធិសមធម៌ នៃមន្ទីរសុខាភិបាលខេត្ត និងអង្គការសង្គមស៊ីវិលជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះលោក ឈឹម វុទ្ធា បានមានប្រសាសន៍ស្ដីពីគោលបំណងនៃការបើកវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មថ្មី ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង សំដៅឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់សេវាសាធារណៈ ការយកចិត្តទុកដាក់ជាអាទិភាពបង្កើនសុខមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ដើម្បីឲ្យអ្នកក្រីក្រទាំងនោះងើបផុតពីភាពក្រីក្រហើយគាំពារពលរដ្ឋក្រីក្ររួចផុតពីវិបត្តិចៃដន្យដែលអាចធ្វើឲ្យភាពក្រីក្ររបស់ពួកគាត់កាន់តែធ្ងន់ធ្ងរនៅឆ្នាំបន្ទាប់។

ទន្ទឹមនឹងនេះលោកបានបន្តថា ដើម្បីឲ្យការងារនេះ ធានាប្រសិទ្ធភាព ព្រមទាំងពន្លឿនក្នុងការកាត់បន្ថយភាពក្រីក្រឲ្យបានលឿន គួរមានសំណុំអន្តរាគមន៍សេវា២យ៉ាង គឺសំណុំអន្តរាគមន៍សេវាដើម្បីបង្កើនចំណូល និងសំណុំអន្តរាគមន៍សេវាដើម្បីកាត់បន្ថយចំណាយ ដោយផ្តោតឲ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា មានភាពឈ្លាសវៃ បានចាត់ទុកថា ភាពក្រីក្រ ជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ភាពមិនអាចទទួលយកបានខាងសីលធម៌ និងភាពបែកបាក់នៃសង្គមនិងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណនីតិកាលទី៧ ដំណាក់កាលទី១ នៃរដ្ឋសភាដើម្បីជំរុញកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីវភាព និងកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថាសំបុត្រអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មពិតជាមានសារៈសំខាន់ ដូច្នេះប្រសិនបើគ្មានការចុះសំបុត្រអត្រានុកូលដ្ឋានត្រឹមត្រូវទេនោះ វានឹងនាំឱ្យមានបញ្ហាដល់ខ្លួនឯង និងសង្គម ដូចជាមិនអាចធ្វើការងារ បើកអាជីវកម្ម និងតវ៉ាចំពោះមុខច្បាប់ អំពីបញ្ហានានាបាននោះទេ។ ពលរដ្ឋអាចទៅធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព នៅសាលាឃុំ ឬសង្កាត់ និងការិយាល័យច្រកចេញចូលតែមួយ៕


ដោយ៖ បៃ ស៊ីថុន





