កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុកវិស័យ ចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ ក្នុងខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៥ -- ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកិច្ចការនារីខេត្តព្រមទាំងមានការគាំទ្រតាមរយៈអង្គការUNWONEMបានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ក្រោមអធិបតីភាពលោកស្រីលំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍
លោកស្រី ស៊ុន ម៉ូនិច អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ប្រធានមន្ទីរជុំវិញខេត្ត អង្គការដៃគូរពាក់ព័ន្ធអភិបាលរងស្រុកនិងប្រធានការិយាល័យសុខមាលភាពសង្គមកិច្ចស្រុកទាំង៧ស្រុក សរុបចំនួន៤០នាក់ (ស្រី២៩នាក់)។

លោកស្រី ស៊ិន ស៊ីផានបង្ហាញពីគោលបំណងដើម្បីពង្រឹងការយល់ដឹងឱ្យកាន់ប្រសើរឡើង ដល់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ (GBV )ពីតួនាទី/ភារកិច្ច និងការផ្តល់សេវាឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាលើស្ត្រីនិងក្មេងស្រីប្រកបដោយគុណភាព ប្រសិទ្ធិភាពឱ្យទាន់ពេលវេលា តាមរយៈកិច្ចសហការរវាងអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធ។ ការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ក្នុងខេត្តកំពង់ធំ ដែលមានចំនួន០៧ស្រុក គឺមានភារកិច្ច និងទំនួលខុសត្រូវដូចមានចែងនៅក្នុងសេចក្តីសម្រេច ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការសម្របសម្រួល ដែលចូលរួមក្នុងការដោះស្រាយ បញ្ហាដល់ជនរងគ្រោះជាស្ត្រី និងកុមារីកន្លងមកដោយបានទទួលបាននូវលទ្ធផលល្អប្រសើរ ជាទិសដៅ និងផែនការបន្ត សូមក្រុមការងារតាមបណ្តាលស្រុកទាំងអស់ បន្តខិតខំឱ្យអស់ពីសមត្ថភាពក្នុងការចូលរួម លើកកម្ពស់យេនឌ័រដើម្បីស្ត្រី និងកុមារីរួចផុតពីការរំលោភបំពាននិងការទទួលរងនូវអំពើហឹង្សា។






ដោយ៖ ស៊ុម វណ្ណា





