សម្តេចពិជ័យសេនា ៖ អតីតយុទ្ធជនកម្ពុជាទាំងអស់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី និងដំណើរការកសាងសន្តិភាព
AKP សៀមរាប ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤--សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួបលើកទី១៨ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា២០២៥ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៥ថា ការតស៊ូរហូតបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ គឺពិតជាលំបាកណាស់ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែមិនអាចបំភ្លេចបានទេ ដល់បិតាសន្តិភាពរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និង ជាប្រធានព្រឹទ្ធសភា និងរាល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមឆ្លងកាត់គ្រប់ដំណាក់កាលនៃការតស៊ូរំដោះជាតិចេញពីភ្លើងសង្គ្រាម ។

ក្នុងនាមជាអតីតយុទ្ធជន សម្តេចបានយល់យ៉ាងច្បាស់ ចំពោះការលះបង់បូជា និង គំរូវីរៈភាព ក្លាហានអង់អាចជាទីបំផុតរបស់យុទ្ធជនកម្ពុជា ។
សម្តេចក៏សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងអនេក ចំពោះរាល់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ដំណើរការកសាងសន្តិភាព ការពង្រឹងខឿនសន្តិសុខសង្គម និងស្ថេរភាពនយោបាយ ដែលបានផ្តល់នូវភាពសុខដុមរមនាដល់សង្គមដូចសព្វថ្ងៃនេះផងដែរ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ សូមចុះពិនិត្យឱ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពអតីតយុទ្ធជន សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ។

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជននៅខេត្តសៀមរាប មានសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប មានចំនួន ៦,៦៦៣នាក់ ដោយក្នុងនោះមាននិវត្តជនចំនួន២,៦៨០នាក់ .ពិការចំនួន១,៩៦៩នាក់ .ជនបាត់បង់១៤០នាក់ .គ្រួសារពលីចំនួន១,៦៨២នាក់ និងគ្រួសារជនមរណៈមានចំនួន១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន៤០២នាក់ ។
ក្នុងនោះសម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ បាននាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជនខេត្តសៀមរាប នូវ អង្ករ ២០គក្រ , មីយើង ១កេស ,ទឹកត្រី១យូរ , ទឹកស៊ីអ៉ីវ ១យូរ និង ថវិកា ១០ម៉ឺនរៀលផងដែរ ៕
ដោយ៖ ឃុត សៅ





