ឯកឧត្តម កែវ រ៉េមី ៖ ព្រឹត្តិការណ៍កីឡាមិនត្រឹមតែជាប្រកួតប្រជែង ប៉ុន្តែថែមទាំងជាវេទិការឹតចំណងសាមគ្គីភាពប្រទេសអាស៊ាន និងប្រទេសដទៃទៀត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំប្រកួតកីឡាមិនត្រឹមតែជាការប្រកួតប្រជែងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃទៀត។
នេះជាការលើករបស់ឯកឧត្តម នៅក្នុងប្រជុំជាមួយ Grand Master Professor RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍ និងថ្លែងអំណរគុណ Grand Master Professor RI YONG SON ដែលបានអញ្ជើញមកពីចម្ងាយ និងផ្តល់ជាកិត្តិយសចូលរួមក្នុងកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF របស់ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម ដែលបានអនុញ្ញាត និងបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តម កែវ រ៉េមី បានសម្តែងនូវការសោកស្តាយ ចំពោះអវត្តមានរបស់ក្រុមកីឡាតេក្វាន់-ដូ ITF ថៃ ដោយសារតែភាពតានតឹងផ្នែកនយោបាយរវាងប្រទេសទាំង២។

បន្ថែមពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានផ្តល់ការគាំទ្រកីឡាតេក្វាន់-ដូ ITF ជាពិសេសកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២។


ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីកម្រិតអាស៊ីអាគ្នេយ៍នេះ អាចប្រព្រឹត្តទៅបាន គឺកើតចេញពីកត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ហេង ណាលីន





