សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុត ដើម្បីអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុតក្នុងការបន្តអនុវត្តគោលនយោបាយ រៀបចំយន្តការគាំទ្រ និងការលើកទឹកចិត្តថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ហើយថាការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រអាទិភាពទាំង៦ រួមទាំងយុទ្ធសាស្ត្រជាតិស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ច ដោយលើកទឹកចិត្តការឈានចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងភាពធន់ ភាពប៉ាន់ប្រមាណបាន ភាពរីកចម្រើន អាជិវកម្មមុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ ការបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដូចនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសនៃការអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់សមាគមមូលនិធិសម្តេចតេជោ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលបាន និងកំពុងធ្វើពិពិធកម្មទីផ្សារ ទាំងក្នុងតំបន់ និងសកល តាមរយៈទី១. ការជំរុញលើកកម្ពស់សហគ្រាសមីក្រូធុនតូច និងមធ្យមឱ្យក្លាយជាខ្សែច្រវាក់ផលិតកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងបម្រើជាឧស្សាហកម្មប្រតិកម្ម ទី២.ការជំរុញការ រៀបចំបណ្តុំសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែច្រើន ទី៣.ការជំរុញការអនុវត្តគោលការណ៍បរិស្ថានសង្គម និងអភិបាលកិច្ចនៅក្នុងចំណោមសហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីចូលរួមចំណែកដល់ការអនុវត្តដែលជានិន្នាការសកល ទី៤.ការជំរុញការលើកកម្ពស់គុណភាព សោភណ្ឌភាពស្តង់ដា និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទី៥.ជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូតូច និងមធ្យម ដែលទាមទារការចូលរួម និងគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់ផលិតផលផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យម។ ក្រសួង ស្ថាប័ន និងវិស័យឯកជន រួមទាំងគ្រឹស្ថាន ហិរញ្ញវត្ថុក៏បានរៀបចំជាយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងគាំទ្រដោយផ្ទាល់ដល់ សហគ្រាសក្នុងស្រុក។ បរិវត្តន៍កម្មឌីជីថលបានជួយសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ ការស្នើសុំប្រកាសបង្កើត និងដំណើរការអាជីវកម្មនានាដោយបានកាត់បន្ថយពេលវេលា និងការចំណាយ។ ទន្ទឹមនេះការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូតូច និងមធ្យម តាមរយៈការដាក់ឱ្យប្រាស់ប្រព័ន្ធបាគង និងស្ដង់ដា KH QR ដែលគាំទ្រ និងជំរុញការរីកចម្រើននៃអាជីវកម្មខ្នាតតូច និងអនឡាញ៕
ដោយ៖ ចាន់ សុភឿន





