ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលមានវីរភាពក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥--
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវព្រះរាជហឬទ័យ កោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដ៏ឧត្តុងឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជសារព្រះអង្គចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។

ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំ មានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៅក្នុង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរកងទ័ព និង ប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ នឹងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ខ្ញុំ ជូនដល់វីរកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅ សមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា និងប្រជារាស្ត្រដែល បានជម្លៀសមកស្នាក់នៅទីសុវត្ថិភាព។

ព្រះអង្គបានព្រះរាជឱង្ការបបន្ថែមថា៖ «ខ្ញុំបានតាមដានជាប្រចាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ខាងលើនេះ ។ ខ្ញុំ សូមកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាព ដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដ៏ឧត្តុងឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន» ។ ព្រះករុណា ព្រះមហាក្សត្រ ក៏បានសម្តែងនូវហឫទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់ វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ ៕
ដោយ៖ ជឹម ណារី





