ឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់កម្លាំងការពារព្រំដែនជួរមុខនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាច្រើនទៅចែកជូនដល់កងកម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន ៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដោយអមដំណើរពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

មុននឹងបន្តបេសកកម្មចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ឯកឧត្តម កែ គឹមយ៉ាន រួមជាមួយគណៈអធិបតី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៅច្រកអន្តរជាតិស្ទឹងបត់ និងច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីស្វែងយល់ពីដំណើរការចេញចូលរបស់ប្រជាពលរដ្ឋ និងទំនិញ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានឆ្លៀតសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជាកម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងវិលត្រឡប់មកពីប្រទេសថៃវិញ ដោយក្ដីគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ពួកគាត់។

ការលើកទឹកចិត្តកងកម្លាំងជួរមុខ និងផ្ដល់អំណោយទ្រទ្រង់បេសកកម្ម អំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនធំ ត្រូវបានឯកឧត្តម កែ គឹមយ៉ាន នាំយកទៅចែកជូនដល់ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលជាទីតាំងប្រមូលផ្ដុំសម្រាប់វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន វរសេនាតូចលេខ ៨០៧, ៨១៥, ៨៩១ និង ៩១១។ ការផ្ដល់អំណោយនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និងរួមចំណែកសម្រាលបន្ទុកជីវភាពរបស់កងកម្លាំង ដែលកំពុងលះបង់កម្លាំងកាយចិត្តការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបូរណភាពទឹកដីជាតិ។ សម្រាប់វរសេនាតូចនគរបាលការពារព្រំដែនគោកនីមួយៗ ទទួលបានអំណោយរួមមាន អង្ករ ១ តោន ,ទឹកបរិសុទ្ធ៥០ កេស, មុង២៥ មុង, អង្រឹងមុង ៦២ អង្រឹង,ប្រហុកសាច់ ២ ក្រឡ, ប្រហុកឆ្អឹង ៣ ក្រឡ, ស្ពៃក្ដោប ៧ ថង់ ទឹកត្រី១២ យួរ, ទឹកស៊ីអ៊ីវ១២ យួរ, មីជាតិ ១០០ កេសតូច, ប៊ីចេង ១២ គីឡូក្រាម ខ្ទឹមស ១២ គីឡូក្រាម, ស្ករស ១២ គីឡូក្រាម, ថវិកា៤ លានរៀល (សរុប ១៦ លានរៀល សម្រាប់ ៤ វរសេនាតូច)។ ក្រៅពីនេះ អំណោយជាថវិកាក៏ត្រូវបានផ្ដល់ជូនដល់សង្កាត់ទាំង ៥ ក្នុងក្រុងប៉ោយប៉ែត ដោយក្នុងមួយសង្កាត់ទទួលបាន ១ លានរៀល សរុប ៥ លានរៀល និងប្រជាការពារចំនួន ៥០ ម៉ឺនរៀលផងដែរ។

ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ទៅកាន់កងកម្លាំងជួរមុខថា «ខ្ញុំពិតជាមានមោទកភាព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនកងកម្លាំងទាំងអស់ ដែលបានឈរជើងយ៉ាងរឹងមាំទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបូរណភាពទឹកដីរបស់យើង។ អំណោយទាំងនេះ គឺជានិមិត្តរូបនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមរបស់ប្រជាពលរដ្ឋចំពោះការលំបាក និងតួនាទីដ៏សំខាន់របស់បងប្អូន។ សូមបងប្អូនបន្តរក្សាស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កែ គឹមយ៉ាន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ «ការចុះសួរសុខទុក្ខ និងការផ្ដល់អំណោយរបស់ឯកឧត្តមនៅពេលនេះ គឺជាកម្លាំងចលករដ៏ធំធេងមួយ សម្រាប់បងប្អូនកងកម្លាំងរបស់យើងឱ្យមានកម្លាំងចិត្តកាន់តែរឹងមាំក្នុងការបំពេញភារកិច្ច។ យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាចិត្តថានឹងបន្តខិតខំប្រឹងប្រែងការពារព្រំដែន និងសន្តិសុខជូនជាតិ មាតុភូមិឱ្យបានគង់វង្សជានិច្ច»។

សកម្មភាពចុះសួរសុខទុក្ខ និងផ្ដល់អំណោយនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់កងកម្លាំងជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ។ វាជាការលើកទឹកចិត្តដ៏សំខាន់មួយ សម្រាប់កងកម្លាំងទាំងអស់ឱ្យបន្តបេសកកម្មរបស់ខ្លួនប្រកបដោយមោទកភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ឈុន សារ៉ាត





