លោកស្រី រស់ សុផានី ជំរុញការងារអាហារូបត្ថម្ភនៅបន្ទាយមានជ័យ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ -- លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ នៅសាលប្រជុំ (ក) នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកស្រី រស់ សុផានី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគម្រោងអាហារូបត្ថម្ភកន្លងមក និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្រ្តីមានផ្ទៃពោះក្នុងខេត្តបន្ទាយមានជ័យ។

លោកស្រីបានបន្តទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គម្រោងអាហារូបត្ថម្ភបានបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីអាហារូបត្ថម្ភ ការផ្តល់សេវាសុខភាពមូលដ្ឋាន និងការចែកចាយអាហារបំប៉នដល់ក្រុមគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ដូចជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ នៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់យល់ច្បាស់អំពីសារៈសំខាន់នៃអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលតម្រូវឱ្យមានការបន្តពង្រឹងការអប់រំ និងការផ្សព្វផ្សាយ។ ការសម្របសម្រួលការងាររវាងស្ថាប័នពាក់ព័ន្ធមួយចំនួននៅមិនទាន់មានភាពរលូនល្អ ដែលអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តគម្រោង។ ការប្រមូលទិន្នន័យ និងការតាមដានវឌ្ឍនភាពនៅមូលដ្ឋាននៅមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យពិបាកក្នុងការវាយតម្លៃលទ្ធផលពិតប្រាកដ។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ លោកស្រី រស់ សុផានី បានផ្តល់នូវប្រសាសន៍ណែនាំ និងការជំរុញយ៉ាងមុតមាំដល់អង្គប្រជុំ "យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូមសំណូមពរឱ្យអាជ្ញាធរក្រុង ស្រុកទាំងអស់ បន្តពង្រឹងការងារផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់អំពីអាហារូបត្ថម្ភ។ យើងត្រូវផ្តោតសំខាន់លើការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់បរិភោគរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវសុខភាពល្អប្រសើរសម្រាប់ក្រុមគ្រួសារនីមួយៗ។"

លោកស្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហការ និងការសម្របសម្រួលរវាងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់។ "ការងារអាហារូបត្ថម្ភគឺជាកិច្ចការឆ្លងវិស័យ ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគី។ ខ្ញុំសូមជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថាការអនុវត្តគម្រោងមានភាពរលូន និងទទួលបានលទ្ធផលជាអតិបរមា។ យើងត្រូវតែរួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅមូលដ្ឋាន តាមរយៈយន្តការសម្របសម្រួលដែលមានប្រសិទ្ធភាព។"

ជាមួយនោះដែរ លោកស្រី រស់ សុផានី បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តការខិតខំប្រឹងប្រែង និងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោងអាហារូបត្ថម្ភនេះ ដោយលោកស្រីរំពឹងថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ខេត្តបន្ទាយមានជ័យនឹងសម្រេចបាននូវគោលដៅអាហារូបត្ថម្ភប្រកបដោយចីរភាព និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល៕

ដោយ ឈុន សារ៉ាត





