NOCC គ្រោងរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ចុងសប្តាហ៍នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥--គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងនឹងរៀបចំទិវាអូឡាំពិក ឆ្នាំ២០២៥ និងវេទិកាអត្តពលិកជាតិ នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៧ព្រឹកតទៅ។

ទិវាអូឡាំពិក (Olympic Day) គឺជាទិវានៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីរំឭកអំពីគុណតម្លៃកីឡាអូឡាំពិក ស្របពេលដែល កម្ពុជាក៏តែងតែប្រារព្ធទិវាអូឡាំពិកនេះជារៀងរាល់ឆ្នាំផងដែរ។ ចំពោះវេទិកាអត្តពលិកជាតិ (National Athletes’ Forum) គឺជាកម្មវិធីមួយផ្សេងទៀត ដែលនឹងត្រូវធ្វើជាមួយនឹងទិវាអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមិថុនា ដែរ ដោយមានវាគ្មិនសំខាន់ៗចូលរួមចែករំលែកបទពិសោធន៍ជូនដល់សិស្សានុសិស្ស ដែលចូលរួមក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំមួយនេះ។

វាគ្មិនសំខាន់ៗ ដែលជាអតីតអត្តពលិកកម្ពុជាធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games) ដ៏ធំបំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តង រួមមាន៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC លោកស្រី ស៊ន សៀវម៉ី ផ្នែកតេក្វាន់ដូ WT លោក ហែម គីរី ផ្នែកហែលទឹក អ្នកគ្រូ ហែម ថុនវិទិនី គ្រូបង្វឹកហែលទឹក លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកកីឡាចំបាប់ កីឡាករអត្តពលកម្ម ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣។

វាគ្មិនទាំងអស់នឹងចែករំលែកនូវចំណេះដឹង បទពិសោធន៍ បំផុសស្មារតី ក្នុងចលនាអូឡាំពិក ប្រវត្តិអូឡាំពិក នៅក្នុងវេទិកាអត្តពលិកជាតិនេះជូនដល់សិស្សានុសិស្ស និងកីឡាករ កីឡាការិនីជម្រើសជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តាមគម្រោងកម្មវិធីនេះនឹងមានការចូលរួមពីសិស្សានុសិស្សចំនួន៤០០នាក់មកពីវិទ្យាល័យឫស្សីកែវ ២០០នាក់ និងវិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ១០០នាក់ ទៀត សរុប៥០០នាក់។ ក្នុងពិធីដ៏រីករាយនេះ សិស្សានុសិស្សនឹងបានចូលរួមលេងកីឡាកម្សាន្ដសប្បាយ (Fun Run)និងប្រភេទកីឡាអូឡាំពិកផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ សិស្សានុសិស្សនឹងបានទស្សនាសារមន្ទីរអូឡាំពិក ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមទៀតផង។ គួរបញ្ជាក់ថា ការប្រារព្ធទិវាអូឡាំពិក នៅថ្ងៃទី២២ ខែមិថុនា នេះក៏ជាការអបអរខួបអូឡាំពិក សម្រាប់នៅថ្ងៃទី២៣ ខែមិថុនា ផងដែរ៕

ដោយ ហេង ណាលីន (រូបភាព៖ NOCC)





