ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញលើកទឹកចិត្ត ដល់វិនិយោគិនចិនទាំងអស់ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញលើកទឹកចិត្ត ដល់វិនិយោគិនចិនទាំងអស់ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Wang Andy ស្ថាបនិក និងជាប្រធានប្រតិបត្តិសកលនៃ President Club (President Speech Union) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះវត្តមានរបស់ លោក Wang Andy រួមជាមួយគណៈប្រតិភូនៃ President Club និងអ្នកវិនិយោ គិនចិនទាំងអស់ ដែលបានអញ្ជើញមកទស្សនកិច្ច និងឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះក្លឹប President Club ដែលមានទស្សនវិស័យ គោលបំណង គោលដៅ និងវិសាលភាពការងារច្បាស់លាស់ក្នុងការរួមចំណែកលើក កម្ពស់សន្តិភាព ជំរុញវប្បធម៌សុខដុមរមនា និងការរីកចំរើនរបស់ពិភពលោក ក៏ដូចជាសម្របសម្រួលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល ដែលទាំងនេះពិតជាមានសារៈសំខាន់ និងបានផ្តល់នូវអត្ថន័យយ៉ាងធំធេងសម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ អស់ជាង ៣ទសវត្សរ៍។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គីសនី បណ្តាញចែកចាយទឹកស្អាត និងកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ព្រមទាំងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។


ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញលើកទឹកចិត្តដល់វិនិយោគិនចិនទាំងអស់ឱ្យពិចារណា សិក្សាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការវិនិយោគដោយផ្ទាល់នៅកម្ពុជា។ កម្ពុជា-ចិន គឺជាបងប្អូនល្អ និងមិត្តភក្តិពិតប្រាកដហេតុដូចច្នេះ កម្ពុជាស័ក្តិសមជាដៃគូវិនិយោគដ៏ល្អរបស់វិនិយោគិនចិន៕
ដោយ សួស សំរិត





