ឯកឧត្ដម ឃួង ស្រេង៖ ការការពារសន្ដិសុខ សុវត្ថិភាពជូននាយករដ្ឋមន្ដ្រីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើជើងចតុមុខ ជារឿងសំខាន់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥-- បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើង ជាផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីពាក់ព័ន្ធ នារសៀលថ្ងៃទី១៩ មិថុនា នៅសាលារាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នជាង៥ខែនេះ ដោយបានទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានផ្ដល់កិត្តិយសខ្ពស់ណាស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអញ្ជើញមកបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នេះ។
ផ្លូវថ្មើរជើងដែលទើបមានជាលើកដំបូងនៅរាជធានីភ្នំពេញជាការផ្តួចផ្តើមរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ ក្រោមចក្ខុវិស័យប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់វិសាលភាពនៃកន្លែងដើរលេងកម្សាន្តឱ្យកាន់តែច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្សាន្តនាចុងសប្តាហ៍។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ក្នុងពិធីសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខនេះ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗនិងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែងហើយត្រូវដាក់កងកំលាំងដើរល្បាតជាមួយការធ្វើរដ្ឋបាល។ នៅលើផ្លូវថ្មើរជើងនេះត្រូវបានបិទចរាចរធ្វើដំណើរឆ្លងកាត់ដោយរថយន្ត និងម៉ូតូតាំងពីវេលាម៉ោង២ និង៣០នាទីរសៀលតទៅតែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរជាបន្តបន្ទាប់បានដូចជារៀងរាល់សប្ដាហ៍កន្លងទៅដដែល តែយើងមានកន្លែងត្រួតពិនិត្យ។ យើងត្រូវបន្តធ្វើឱ្យបានជោគជ័យបន្តទៀតក្នុងការការពារសន្តិសុខ សុវត្ថិភាពនាថ្ងៃសម្ពោធផ្លូវថ្មើងជើងនាពេលខាងមុខ ព្រោះរដ្ឋបាលរាជធានីយើងទើបទទួលបានជោគជ័យក្នុងការថែរក្សាការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ១០០ភាគរយ ក្នុងព្រឹត្តិការណ៍មហាសាមគ្គីជាតិរួមគ្នាធ្វើដំណើរថ្មើរជើង «Solidarity March» មានការចូលរួមប្រមាណ១៥ ម៉ឺននាក់កាលពីថ្ងៃ១៨ មិថុនានេះ បានបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។

ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី «GALAXY» អ្នកឧកញ៉ាឡេងណាវាត្រា ការសម្តែងសិល្បៈប្រពៃណី របាំចម្រុះ ពិសេសមានការសម្ដែងល្ខោនបាសាក់របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ មានរៀបចំ តូបស្តង់លក់ដូរ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំងទៀតគឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសម៉ាឡេស៊ី និងស្តង់ម្ហូបអាហារ យូហ្គា របស់ឥណ្ឌាផងដែរ។
សូមបញ្ជាក់ថា ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨៖០០នាទី រហូតដល់ម៉ោង២៣៖០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ដោយ សួស សំរិត





