សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងស្នើឱ្យមានការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ក្រៅពីការហោះហើរពីម៉ាឡេស៊ីមកកាន់ទីក្រុងភ្នំពេញ ដោយបានស្នើឱ្យមានការបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីពង្រីកនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ នេះយោងតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម និងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម ជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយនិយាយដោយឡែកទាក់ទងទៅនឹងវិស័យទេសចរណ៍ វប្បធម៌ នៃប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ របស់ម៉ាឡេស៊ី បានសម្ដែងនៅការអរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមបានលើកឡើងអំពីសក្តានុពលនៃវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួននៃការកើនឡើងភ្ញៀវទេសចរណ៍កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី និងការកើនឡើងអ្នកទេសចរណ៍ម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យភាគីទាំងពីរពង្រីកទំនាក់ទំនងទេសចរណ៍ជាមួយគ្នាឱ្យកាន់តែរីកចម្រើន តាមរយៈការបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយដ៏សំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រជាជន និងប្រជាជន ។ សម្ដេចតេជោក៏បានលើកឡើងចង់ឱ្យមានការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ក្រៅពីការហោះហើរពីម៉ាឡេស៊ីមកកាន់ទីក្រុងភ្នំពេញ សម្ដេចបានស្នើឱ្យមានការបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដើម្បីពង្រីកនៃវិស័យទេសចរណ៍បន្ថែមទៀត។
ក្នុងឱកាសនេះផងដែរ សម្ដេចតេជោក៏បានជម្រាបជូនផងដែរដល់ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដោយសម្ដេចបានស្នើឱ្យឯកឧត្តមនាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហា ព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិតប្រាកដនៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាម ដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោក៏បានលើកឡើងពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ីបានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយឯកឧត្តមក៏គាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕
ដោយ៖ ជឹម ណារី





