ឧត្តមសេនីយ៍ទោ សែម រតនា ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការកងវិស្វកម្មទី៧នៃកងស្វ័យការពារជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជំនួបពិភាក្សាការងារជាមួយលោក វរសេនីយ៍ឯក INADA TATSUNARI មេបញ្ជាការកងវិស្វកម្មទី៧នៃកងស្វ័យការពារជប៉ុន ដោយក្នុងជំនួបនេះឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភលើការងារហ្វឹកហ្វឺនពីភាគីជប៉ុនចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៥នេះ ព្រមទាំងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់វរសេនីយ៍ឯក INADA TATSUNARI ដែលបានដឹកនាំគណៈប្រតិភូមអញ្ជើញមកបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជានាពេលនេះ។

ឧត្តមសេនីយ៍ទោ សែម រតនា បានមានប្រសាសន៍ថា ជប៉ុនគឺជាប្រទេសផ្តល់ជំនួយធំជាងគេសម្រាប់ការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ កម្ពុជា-ជប៉ុនតែងតែមានកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតជាមួយគ្នា ហើយថានៅពេលនេះគឺជាខួបលើកទី៣៣ ដែលប្រទេសជប៉ុនបានបញ្ជូនកម្លាំងចូលរួមបេសកកម្ម UNTAC ក្នុងការរក្សាសន្តិភាពនៅកម្ពុជាដោយមានសមាជិករបស់ខ្លួនចំនួន២នាក់បានពលីក្នុងបេសកកម្មមួយនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានជម្រាបជូនលោក វរសេនីយ៍ឯក INADA TATSUNARI មេបញ្ជាការកងវិស្វកម្មទី៧នៃកងស្វ័យការពារជប៉ុន ថា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានសហការជាមួយភាគីជប៉ុនទៅលើផ្នែកនៃការបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សមានចំនួនសរុប១៣វគ្គ ក្នុងនោះវគ្គបំប៉នក្នុងប្រទេសសរុបចំនួន១២វគ្គ មានសិក្ខាកាមចំនួន២៦៣នាក់ សិក្សាលើជំនាញបច្ចេកទេសវិស្វកម្មសំណង់ស៊ីវិល និងវាស់ស្ទង់ ខណៈក្នុងអំឡុងពេលនៃការរាតត្បាតជំងឺ COVID-19 ភាគីជប៉ុនបានផ្តល់ការហ្វឹកហ្វឺនតាមរយៈប្រព័ន្ធ Online ដល់គ្រូបង្គោលចំនួន៥នាក់។ ក្នុងឆ្នាំ២០២១ និង២០២២ ភាគីជប៉ុនបានបើកកម្មវិធីវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលត្រីភាគីដល់សិក្ខាកាម និងគ្រូបង្គោលកម្ពុជាលើជំនាញវិស្វកម្ម។ ក្នុងឆ្នាំ២០២៣ ក្រុមយោធាចារ្យជប៉ុនបានជួយហ្វឹកហ្វឺនដល់សិក្ខាកាមចំនួន១៥នាក់លើជំនាញបញ្ជាប្រើប្រាស់គ្រឿងចក្រ Grader រយៈពេល៤សប្តាហ៍ដោយទទួលបានលទ្ធផលល្អប្រសើរ ហើយដោយឡែកនៅក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមយោធាចារ្យជប៉ុនបានជួយជួសជុលផ្លូវចាស់១ខ្សែ ប្រវែង២០៩ម៉ែត្រ ទទឹង៦ម៉ែត្រនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ (PKO) ខេត្តកំពង់ស្ពឺផងដែរ។ ដោយឡែកចំពោះវគ្គបំប៉ននៅក្រៅប្រទេសមានសរុបចំនួន៧នាក់ មាន វគ្គបំប៉នវិស្វកម្មសំណង់ផ្ដេក និងគ្រឿងផ្ទុះ។

តាមរយៈជំនួបនាពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានសំណូមពរសូមឱ្យភាគីជប៉ុនផ្តល់ការហ្វឹកហ្វឺនរយៈពេល៥ឆ្នាំបន្តទៀតដល់សិក្ខាកាមកម្ពុជាលើផ្នែកវាស់ស្ទង់តូប៉ូសំណង់ផ្ដេក-បញ្ឈរ បន្តផ្តល់ការហ្វឹក ហ្វឺនដល់គ្រូបង្គោលតាមតថភាពជាក់ស្តែងនៃតំបន់បេសកកម្ម ដើម្បីពង្រឹងសមត្ថភាពមុននឹងចល័តកងវិស្វកម្មកម្ពុជាសម្រាប់បេសកកម្មអង្គការសហប្រជាជាតិ ផ្តល់អាហាររូបករណ៍ដល់សិក្ខាកាមឆ្នើម ក្រោមការហ្វឹកហ្វឺនរបស់យោធាចារ្យជប៉ុនឱ្យទៅបំប៉នបន្ថែមរយៈពេលខ្លី-មធ្យម នៅសាលាវិស្វកម្មនៃប្រទេសជប៉ុន ផ្តល់ការហ្វឹកហ្វឺនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើជំនាញវាស់ស្ទង់ តាមរយៈម៉ាស៊ីនទំនើប និងការប្រើប្រាស់ Drone ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្នដែលមានភាពស្មុគស្មាញ រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំរវាងប្រទេសទាំងពីរ និងចូលរួមក្នុងព្រឹត្តិការណ៍នានារួមគ្នាផងដែរ។

ជាការឆ្លើយតប លោក វរសេនីយ៍ឯក INADA TATSUNARI មេបញ្ជាការកងវិស្វកម្មទី៧នៃកងស្វ័យការពារជប៉ុន បានបង្ហាញពីការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា ជាមួយបញ្ជាការដ្ឋានកងវិស្វកម្មទី៧នៃកងស្វ័យការពារជប៉ុន លើការការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមសម្រាប់បេសកកម្មអង្គការសហប្រជាជាតិ ហើយចំពោះសំណូមពររបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា លោក វរសេនីយ៍ឯក INADA TATSUNARI ថានឹងយកទៅដាក់ជូនថ្នាក់លើពិនិត្យ ដើម្បីធ្វើការសម្រេចចិត្ត៕

ដោយ៖ ចាន់ សុភឿន





