សម្ដេចតេជោ ហ៊ុន សែន រម្លឹកខួបលើកទី៤៨ ឆ្នាំ នៃយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងរម្លឹកខួបលើកទី៤៨ ឆ្នាំ នៃយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

នៅលើបណ្ដាញទំណាក់ទំនងសង្គម នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ថ្ងៃស្អែកទី២០ ខែមិថុនាគឺជាខួបលើកទី៤៨ ឆ្នាំ(២០មិថុនា១៩៧៧-២០មិថុនា២០២៥) ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចតេជោបន្តថា ជាមួយទឹកភ្នែករាប់ម៉ឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិនិងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន បើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេលដែលខ្ញុំនឹកឃើញដល់ រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះ ក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឱ្យស្រវាំងភ្នែក។ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ»។ សម្ដេចតេជោបានថ្លែងបន្ថែមថា ដើម្បីរម្លឹកដល់រឿងនេះសូមស្តាប់ ចម្រៀងថ្មីមួយបទមានចំណងជើងថា (អក្ខរាលាស្រីថ្ងៃ២០ មិថុនា) ដែលលោក ង៉ូវ សារិន និង ហ៊ឹម សុភា និពន្ធឡើង ក្រោមការចាត់ចែងផលិតដោយ អ្នកឧកញ្ញាឡេង ណាវ៉ាត្រា និងច្រៀងដោយអ្នកចម្រៀង ខេម។

សូមរម្លឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត៕

ដោយ៖ ជឹម ណារី





