សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះជំហររបស់បង់ក្លាដេសដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ ហើយសម្ដេចគាំទ្រចំពោះជំហររបស់បង់ក្លាដេស ដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យ ដែលជាផ្នែកមួយជួយដល់បង់ក្លាដេសក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន ទាំងនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខ័ណ្ឌដទៃទៀត។ នេះបើតាមការឱ្យដឹងរបស់កឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតបង់ក្លាដេសមកកាន់កម្ពុជានៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដែស កាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេសបានអរគុណសម្ដេចតេជោដែលបានផ្ដល់ឱកាសដល់ឯកឧត្តមបានជួបសម្ដេច។ ឯកឧត្តមបានលើកឡើងនូវចំណុច២ ដែលសុំការគាំទ្រពីសម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជាការសុំការគាំទ្រពីកម្ពុជា ទី១ ឯកឧត្តមបានលើកឡើងដោយស្នើឱ្យមានការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងបង់ក្លាដែសឱ្យកាន់តែមានការកើនឡើង និងមានភាពសកម្មជាងមុន។ ឯកឧត្តមបានលើកឡើងពីទិដ្ឋភាពសក្តានុពលដែលប្រទេសកម្ពុជាមាន ជាពិសេសភាពរីកចម្រើន និងការអភិវឌ្ឍឆាប់រហ័ស ដោយឯកឧត្តមរម្លឹកថា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿនប្លែក។ ឯកឧត្តមបានស្នើ និងសុំឱ្យកម្ពុជាគាំទ្របង់ក្លាដេស គឺតួនាទីរបស់បង់ក្លាដេសក្នុងការធ្វើជាដៃគូរបស់អាស៊ាន។ ឯកឧត្តមបានបញ្ជាក់ថា បង់ក្លាដេស ចង់ចូលរួមចំណែកធ្វើជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយអាស៊ាន តាមដែលបង់ក្លាដែសអាចធ្វើទៅបាន ជាពិសេសនៅក្នុងស្ថានភាពថ្មីៗនេះ គឺបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមបង់ក្លាដេសជាប្រទេសជិតខាងជាប់ភូមិផងជាមួយមីយ៉ាន់ម៉ា ជាផ្នែកមួយអាចសន្ទនាជាមួយអាស៊ានជួយដល់តំបន់អាស៊ានផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ហើយសម្ដេចគាំទ្រចំពោះជំហររបស់បង់ក្លាដេស ដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យដែលជាផ្នែកមួយជួយដល់បង់ក្លាដែសក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន ទាំងនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខ័ណ្ឌដទៃទៀត ជាពិសេសបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមបង់ក្លាដេសគឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយមីយ៉ាន់ម៉ា ដែលជាផ្នែកសំខាន់ក្នុងការដោះស្រាយមីយ៉ាន់ម៉ា។ សម្ដេចតេជោក៏គាំទ្រផងដែរ ក្នុងការជំរុញ ពាណិជ្ជកម្ម កម្ពុជា-បង់ក្លាដែស មានការវិនិយោគ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ។ សម្ដេចតេជោបានបន្ដទៀតថា ស្នូលនៃទំនាក់ទំនងរវាង កម្ពុជានិងបង់ក្លាដេស គឺមិនអាចកាត់ផ្ដាច់បានពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគបាននោះទេ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានផ្ដល់ជាគំនិតថា បង់ក្លាដេស គួរតែគិតគូរបន្ថែមក្នុងការចូលជាដៃគូ នៃ RCEP ពីព្រោះថាបច្ចុប្បន្ននេះ RCEP កំពុងតែបើកផ្លូវឱ្យសមាជិកចូលបន្ថែម ហើយបង់ក្លាដេសជាប្រទេសដែលមិនឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍របស់យើង ដូច្នេះជាឱកាសប្រសិនបើបង់ក្លាដេសអាចចូលជាសមាជិក RCEP បាន។
ជាមួយគ្នានេះ ឯកឧត្តម Faiyaz Murshid Kazi ក៏បានពេញចិត្តចំពោះ ការផ្ដល់យោបល់របស់សម្ដេចតេជោ ដែលចង់ឱ្យបង់ក្លាដែសចូលជាសមាជិក RCEP ហើយឯកឧត្តមនឹងរាយការណ៍ទៅរដ្ឋាភិបាលរបស់ឯកឧត្ដម ហើយនឹងពិចារណាចូលជាសមាជិករបស់ RCEP។ ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ជាពិសេសរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ ដល់ជនជាតិបង់ក្លាដេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោក៏បានស្នើឱ្យបង់ក្លាដេសគាំទ្រកម្ពុជា ទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ ហើយបានស្នើឱ្យរដ្ឋាភិបាលបង់ក្លាដេស គាំទ្រចំហរកម្ពុជាដែលលើកឡើង និងដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសការរុញបញ្ហានេះទៅយន្តការច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏អស្ចារ្យ ជាមេដឹកនាំដែលគួរឱ្យគោរពក្នុងចំណោមមេដឹកនាំល្បីៗនៅលើពិភពលោក។ ឯកឧត្តមបានបញ្ជាក់ទៀតថា សម្ដេចតេជោជាមេដឹកនាំដ៏ឆ្នើមដែលពិភពលោកត្រូវការ ហើយឯកឧត្តមរំពឹងថាតាមរយៈទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដេស នឹងកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ៖ ជឹម ណារី





