ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងនាយកអង្គការយូនីសេហ្វវាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- នាជំនួបពិភាក្សាទ្វេភាគីនៅទីស្ដីការក្រសួង ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយវិជ្ជមាន ជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងយូនីសេហ្វ និងក្រសួងមហាផ្ទៃ ដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះអង្គការនេះ ដែលតែងគិតគូរយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានកោតសរសើរនូវលទ្ធផលផ្លែផ្កានៃការអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់យូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ដែលនាំយកមកនូវសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិតបានថ្លែងអំណរគុណយូនីសេហ្វផងដែរ ដែលបានសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគម្រោងធំៗចំនួនពីរកន្លងមក គឺគម្រោងលើកកម្ពស់សេវាសង្គម និងគម្រោងកិច្ចការពារកុមារ ដែលជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងគម្រោងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសជនងាយរងគ្រោះដែលមានទាំងស្ត្រីក្រីក្រ កុមារកំព្រា ចាស់ជរា ជនមានពិការភាពជាដើម។

ក្នុងឱកាសនេះ លោកបណ្ឌិត Will Parks បានរាយការណ៍ជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពីវឌ្ឍនភាព និងផែនការការងារនៃការអនុវត្តឆ្នាំ២០២៤ ព្រមទាំងសកម្មភាពសំខាន់ៗទាំងឡាយរបស់អង្គការដូចជា កម្មវិធីគោលនយោបាយសង្គម កម្មវិធីអប់រំ កម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងកម្មវិធីកិច្ចការពារកុមារ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកបណ្ឌិត Will Parks បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអង្គការយូនីសេហ្វ និងក្រសួងមហាផ្ទៃក្នុងការបន្តពង្រឹង លើកកម្ពស់ និងអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





