លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញផែនការចាំបាច់ពង្រឹងការងារសន្តិសុខ និងការពារបូរណភាពទឹកដី
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីផ្សព្វផ្សាយផែនការការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីកម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងកម្លាំងនគរបាលកងអន្តរាគមន៍ទាំងអស់។

ក្នុងកិច្ចប្រជុំនោះ លោក ឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ផ្សព្វផ្សាយផែនការ និងបែងចែកការងារ ព្រមទាំងការទទួលខុសត្រូវដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ដើម្បីធានាថាការចាត់តាំងអនុវត្តការងារប្រព្រឹត្តទៅដោយរបៀបរៀបរយ រលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្លែងទៅកាន់កងកម្លាំងទាំងអស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបូរណភាពទឹកដី។ លោកបានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដោយតម្រូវឱ្យកងកម្លាំងទាំងអស់ យកចិត្តទុកដាក់លើការអនុវត្តការងារ តួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។ រាល់កម្លាំងទាំងអស់ត្រូវយល់ច្បាស់ពីតួនាទី និងភារកិច្ចរៀងៗខ្លួន ហើយខិតខំប្រឹងប្រែងបំពេញការងារនោះឱ្យបានពេញលេញ និងត្រឹមត្រូវបំផុត។ ពង្រឹងការយាមល្បាតប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ការល្បាត និងប្រចាំការជាប់លាប់គឺជាកត្តាចាំបាច់ក្នុងការទប់ស្កាត់បទល្មើស និងធានាសុវត្ថិភាពសង្គម។ ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន: ការងារទាំងពីរនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន និងការពារខ្សែបន្ទាត់ព្រំដែនកុំឱ្យមានការរំលោភបំពាន។ ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និងក្មេងទំនើង។ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ ជាពិសេសការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងទប់ស្កាត់សកម្មភាពក្មេងទំនើង ដែលអាចបង្កភាពអសន្តិសុខ។ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីការពារបូរណភាពដែនដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងករណីមានហេតុការណ៍បន្ទាន់: កងកម្លាំងទាំងអស់ត្រូវតែត្រៀមខ្លួនជាស្រេចទាំងកម្លាំងកាយចិត្ត សម្ភារ និងចំណេះដឹង ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់នានា ដែលអាចប៉ះពាល់ដល់បូរណភាពទឹកដី និងសន្តិសុខជាតិ៕


ដោយ ឈុន សារ៉ាត





