ចិនផ្តល់គ្រឿងចក្រមួយគ្រឿងជូនមជ្ឈមណ្ឌលកម្ចាត់មីន ដើម្បីរួមចំណែកបេសកកម្មបោសសម្អាតមីននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- គ្រឿងចក្រកសិកម្មមួយគ្រឿងរបស់មូលនិធិចិនសប្បុរសធម៌ Sanyi និងមូលនិធិចិន PEACELAND ត្រូវបានផ្ដល់ជូនមជ្ឈមណ្ឌលកម្ចាត់មីន ដើម្បីរួមចំណែកបេសកកម្មបោសសម្អាតមីននៅកម្ពុជា ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួចមក ដោយពិធីប្រគល់-ទទួលនេះបានប្រព្រឹត្ដទៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដោយមានការចូលរួមពីលោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយ នៃមូលនិធិចិនសប្បុរសធម៌Sanyi និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។

លោកស្រី Song Ximei បានបញ្ជាក់ថា មូលនិធិចិនទាំងពីររួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន តែងបានបង្កើនសកម្មភាពនានារបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងបេសកកម្មរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ស្របតាមសកម្មភាពមនុស្សធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិថែមទៀតផង។ គ្រឿងចក្រកសិកម្មដែលត្រូវបានបរិច្ចាគនាថ្ងៃនេះនឹងត្រូវប្រើប្រាស់ចូលរួមចំណែកដោយផ្ទាល់ ក្នុងប្រតិបត្តិការបោសសម្អាតមីននៅតំបន់រងគ្រោះដោយសារមីន ក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាលើរបរកសិកម្មក្រោយទទួលបានដីសុវត្ថិភាពពីការបោសសម្អាតមីន។

ក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាមិត្តដែកថែប មិត្តចិនបានរួមចំណែកជួយដល់កម្ពុជាលើវិស័យបោសសម្អាតមីន ហើយបន្ថែមពីលើជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលចិន សង្គមស៊ីវិលរួមជាមួយវិស័យឯកជនរបស់ប្រទេសចិន ដែលថ្ងៃនេះជាសក្ខីភាពបង្ហាញស្រាប់លើជំនួយមនុស្សធម៌នេះក្នុងការរួមចំណែកសម្រេចបាននូវផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់CMAC។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មក សមាគមបានរួមចំណែកសម្របសម្រួលជូនដល់មូលនិធិទាំងពីរក្នុងកិច្ចសហការជាមួយអង្គពាក់ព័ន្ធនានាលើវិស័យបោសសម្អាតមីន ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់ប្រទេសកម្ពុជាដែលគ្មានគ្រាប់មីន ព្រមទាំងរួមចំណែកស្តារនិងអភិវឌ្ឍជនបទនៅកម្ពុជា។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មក ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជាសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនតែងបានកៀគរកម្លាំងសង្គមស៊ីវិលចិនមករួមចំណែកជាមួយCMACលើវិស័យបោសសម្អាតមីន ព្រមទាំងបង្កើនការអនុវត្តគម្រោងនានា ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងនៅនឹងមូលដ្ឋានរបស់បងប្អូនប្រជាជនកម្ពុជាយើង ដោយប្រើប្រាស់លើដី ស្រែ ចម្ការប្រកបដោយសុវត្ថិភាព៕

ដោយ សួស សំរិត





