កិច្ចប្រជុំពិភាក្សាការងារស្តីពីការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធនាគារ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាច្រើនរូប នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងរួមគ្នារកដំណោះស្រាយក្នុងការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដោយក្នុងឱកាសនេះ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានស្នើឱ្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានស្តារនីតិសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបពិភាក្សាគ្នាឱ្យបានញឹកញាប់ដើម្បីផ្តល់ជាយោបល់ និងកិច្ចសហការគ្នាទៅវិញទៅមកឱ្យបានជិតស្និទ្ធ ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះទទួលបានផ្លែផ្កា និងលទ្ធផលល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រសួងទាំងពីរកន្លងមក ជាពិសេសអគ្គនាយកដ្ឋានទាំងពីរ ដែលសម្រេចបាននូវឯកសារបទដ្ឋានគតិយុត្ត បែបបទនីតិវិធី និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសចាំបាច់នានាដល់ដំណើរការមណ្ឌលយុវនីតិសម្បទា៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





