ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកោះកុង ផ្សព្វផ្សាយការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន
AKPភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ក្នុងបណ្តុះស្មារតីយុវជនចេះរួបរួម និងបង្កើនការស្រលាញ់បរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តកោះកុង បានរួមគ្នាផ្សព្វផ្សាយជំរុញសកម្មភាពបរិស្ថាន ស្តីពី «ការបណ្តុះផ្នត់គំនិតស្អាត និងបៃតង នៅតាមសហគមន៍មូលដ្ឋាន» ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យកោះកុង ដើម្បីជួយបណ្តុះស្មារតីយុវជនចេះរួបរួម និងបង្កើនការស្រលាញ់បរិស្ថាន។

ថ្លែងក្នុងពិធីនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត និងបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត មន្ទីរបរិស្ថាន ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមសកម្មភាព ជំរុញឱ្យមានចលនាឱ្យបានគ្រប់ទីកន្លែង ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពិសេសនៅតាម ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រសហ-គ្រាស ភូមិឋាន...។ល។ ដើម្បីជំរុញ «ភាពស្អាត» នៅក្នុងសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត។

ព្រមជាមួយគ្នានេះ ជំរុញការធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដែលយុទ្ធនាការនេះត្រូវបានប្រកាសបើកឱ្យដំណើការស្របបតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងអនុលោមតាម យុសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រសាសន៍ណែនាំរបស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លើសពីនេះសកម្មភាពអាទិភាពមួយទៀតគឺបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដោយចូលរួមផ្សព្វផ្សាយសកម្មភាព ការបណ្តុះកូនឈើ និងព្រឹត្តការណ៍ចែកកូនឈើជូនដល់សាធារណជនដោយឥតគិតថ្លៃសកម្មភាពដាំកូនឈើ និងការថែទាំកូនឈើ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញការអប់រំ ផ្សព្វផ្សាយ និងចលនាទៅតាមមូលដ្ឋាន សាលារៀន វត្តអារាម រោងចក្រ-សហគ្រាស សហគមន៍។ល។ ចូលរួមសំអាត និងគ្រប់គ្រងសំរាម/សំណល់ប្លាស្ទិក តាមផ្លូវជាតិ ផ្លូវខេត្ត តាមប្រព័ន្ធផ្លូវទឹក តាមភូមិឋាន និងទីឋាននានាការចេះទុកដាក់ ញែក គ្រប់គ្រងសំរាម/សំណល់រឹងបានត្រឹមត្រូវ និងចូលរួមអនុវត្ត 4R ជាចាំបាច់ គឺចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សូមធ្វើការប្រើប្រាស់ឡើងវិញកុំប្រើប្លាស្ទិកតែ១ដងបោះចោល ធ្វើការកែច្នៃនិងផលិតជាសម្ភារប្រើប្រាស់ឡើងវិញ និងទាញយកចំណូលពីពីប្លាស្ទិក និងធ្វើការបដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។ ព្រមទាំងបណ្តុះផ្នត់គំនិត ពន្លកបៃតង ជាមួយនឹងការបណ្តុះការដាំ និងថែទាំកូនឈើ ដល់សិស្សានុសិស្ស យុវជន សមាជិកសហគមន៍ និងសាសនិកនានា។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានរម្លឹកប្រាប់ទៅប្រជពលរដ្ឋពីផលប៉ះពាល់បណ្តាលមកពីការបំពុលប្លាស្ទិក មានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។ ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។ ដោយឡែកការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។

ចំណែកលោកជំទាវស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានឱ្យដឹងថា ថ្មីៗនេះ ខេត្តកោះកុង បានដាំស្តាព្រៃកោងកាងឡើងវិញបានចំនួន ៥៤.៨០០ដើម ហើយការដាំស្តារឡើងវិញនេះ គឺមានចំនួនច្រើនជាងការបណ្តុះ ព្រោះក្រុមហ៊ុន និងអង្គការមួយចំនួន បានទិញពីសហគមន៍ខាងក្រៅយកមកដាំនៅក្នុងខេត្តកោះកុង ជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ មន្ទីរ បរិស្ថានខេត្តក៏បានបន្តបណ្តុះដើមកោងកាងបន្ថែមទៀត សម្រាប់ត្រៀមទុកយកទៅដាំនៅកន្លែងផ្សេងៗទៀតនៅក្នុងខេត្តកោះកុង។ ការដាំ និងស្តារព្រៃឡើងវិញ ជាពិសេសដើមកោងកាង គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ព្រោះព្រៃកោងកាង ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆាជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ដូច្នេះយើងទាំងអស់គ្នាចាំបាច់ ត្រូវអភិរក្ស និងដាំស្តារព្រៃឡើងវិញ ជាពិសេសការដាំដើមកោងកាងឡើងវិញ ជាបន្តបន្ទាប់។

លោកជំទាវអភិបាលខេត្តបានថ្លែងថា ការរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបាន បញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយត្រូវរួមគ្នាបន្តផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិកសំដៅធានាបានការរស់នៅស្អាត បរិស្ថាន បៃតង និងការអភិវឌ្ឍចីរភាពនិងអព្យាក្រឹត្យកាបូន។

ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង ក៏សូមធ្វើការលើកទឹកចិត្តដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្មួយៗយុវជន ព្រមទាំងសាធារណជន បន្តចូលរួមដាំដើមឈើឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមការពារថែរក្សាបរិស្ថានក្នុងខេត្តឱ្យមានសោភ័ណភាពស្រស់ស្អាត លើកកម្ពស់សោភ័ណភាពទីក្រុងបៃតង និងធានាបាននូវចីរភាព បរិស្ថាននិងសុក្រឹត្យភាពបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយឈរលើ អាទិភាពចម្បងចំនួន៣គឺ៖ ស្អាត បៃតង និងចីរភាព សំដៅទៅសម្រេចបាននូវអព្យាក្រឹតភាព កាបូននៅកម្ពុជា៕




ដោយ៖ ប៊ុនរិទ្ធ





