អភិបាលខេត្តកោះកុងរំពឹងទទួលភ្ញៀវទេសចរមកលេងខេត្តកោះកុងច្រើនបន្ថែមខណៈព្រះរាជពិធីបុណ្យចំរើនព្រះមហាក្សត្រកន្លងមកភ្ញៀវទេសចរច្រើនរហូតកកស្ទះគ្មានកន្លែងស្នាក់នៅ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--អភិបាលខេត្តកោះកុងបានសម្តែងរំពឹងទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនាខេត្តកោះកុងកាន់តែច្រើនបន្ថែមទៀតបន្ទាប់ពីមានផ្លូវល្អស្អាតតភ្ជាប់ទៅកាន់បណ្តាខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា។

លោកជំទាវ មិថុនា ភូថង អភិបាលគណៈអភិបាលខេត្តកោះកុងបានគូសបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩មិថុនា ឆ្នាំ២០២៥យ៉ាងដូច្នេះថា៖"ការតភ្ជាប់ផ្លូវជាតិលេខ១០ទៅផ្លូវជាតិលេខ៤៨ពិសេសនៅរដូវភ្លៀងនេះអាចមានកំណើរកើនឡើងច្រើន ពិសេសនោះព្រះរាជពិធីបុណ្យចំរើព្រះជនព្រះមហាក្សត្រ ព្រះបាទបរមនាថនរោត្តមសីហុនី របស់យើងកន្លងមកគឺភ្ញៀវទេសចរណ៍របស់យើងមានការកើនឡើងច្រើន រហូតដល់ផ្ទះសំណាក់នៅខេត្តកោះកុងមិនអាចផ្តល់គ្រប់ ហើយអ្នកទេសចរណ៍ទៅសម្រាកនៅវត្តក៏មាន"។

លោកជំទាវក៏បានរំពឹងថានៅពេលខាង មុខនេះខេត្តកោះកុងនឹងរំពឹងទទួលបានភ្ញៀវទេសចរមកទស្សនាច្រើនបន្ថែម ទៀត។

ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលមានបំណងមកខេត្តកោះកុងត្រូវបាន លោកជំទាវអភិបាលខេត្តបានឲ្យដឹងថានឹងជំរុញឲ្យមាន ការសាងសង់ផ្ទះសំណាក់ សម្រាប់ទទួល និងមានទេសចរណ៍បែបបោះតង់ផងដែរ។

សូមជម្រាបថាភ្ញៀវទេសចរមកស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង នាឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី និងព្រះរាជពិធីច្រត់ព្រះនង្គ័ល មានចំនួន៧៥,១៨៦ នាក់ ។
គិតចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិចំនួន ៧៤,៦៥៧ នាក់ និងភ្ញៀវបរទេសចំនួន ៥២៩ នាក់ ដោយសរុបទៅចំនួន ៧៥,១៨៦ នាក់។
លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរ និងផ្សព្វផ្សាយទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុងធ្លាប់ បានឲ្យដឹងថា មូលហេតុនៃការកើនឡើងភ្ញៀវទេសចរផ្លូវជាតិលេខ១០ និងលេខ៤៨ បានសម្រេចការសាងសង់ស្ទើរតែ ១០០% ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ។

លោក សាគុណ ភក្តី បន្ថែមថា លំហូរភ្ញៀវទេសចរធ្វើដំណើរពីបណ្តារាជធានី-ខេត្ត ពិសេសខេត្តពោធិសាត់ ប៉ៃលិន បាត់ដំបង។ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់មានសុវត្ថិភាពល្អ សម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋដែលមកលេងកម្សាន្តតាមតំបន់ទេសចរណ៍នានា ទោះបីមានការខ្វះខាតកន្លែងស្នាក់នៅក៏ដោយ។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ផ្លូវនេះ ត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ ទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និងពីរកន្លង ប្រវែង១១៨ គីឡូម៉ែត្រ។ តាមផែនការគម្រោង គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យាពេលសាងសង់ជាង១ឆ្នាំ ពោលគឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ។
គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕
ដោយ៖ ប៊ុនរិទ្ធ





