ឯកឧត្តម ឌិត ទីណា ចុះជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំក្នុងខេត្តឧត្តរមានជ័យ និងណែនាំឱ្យធ្វើការវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់
AKP ឧត្តរមានជ័យ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ សង្កាត់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីធ្វើការវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ ក្នុងការប្រកបរបកសិកម្មរបស់បងប្អូនប្រជាកសិករនៅតំបន់នេះ។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍អំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលតាមរយៈនេះ ប្អូនៗមន្ត្រីកសិកម្មឃុំចំនួន១២៥០នាក់ ត្រូវបានជ្រើសរើស និងកំពុងបំពេញការងារ ខណៈដែលចំនួន៣៥០នាក់ទៀត កំពុងត្រៀមជ្រើសរើសបន្ថែម ដើម្បីដាក់ពង្រាយនៅទូទាំងប្រទស និងដើម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម និងទីផ្សារជូនបងប្អូនកសិករយើង។

ឯកឧត្តមបានបន្តថាការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យប្អូនៗ ធ្វើការវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ និងធ្វើការស្នើសុំការគាំទ្របន្ថែមពីអ្នកជំនាញក្រសួងក្នុងករណីចាំបាច់ តាមប្រព័ន្ធ Hotline លេខ១២៨៩ មុននឹងផ្តល់ការឆ្លើយតប ឬដំណោះស្រាយទៅប្រជាកសិករវិញ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ក៏ដូចជាមានការជំនឿទុកចិត្តរបស់កសិករមកលើប្អូនៗទាំងអស់គ្នា។

ឯកឧត្តមបានបន្ថែមថា ការងារសំខាន់មួយទៀតរបស់ប្អូនៗគឺត្រូវព្យាយាមពន្យល់ប្រជាកសិករយើងឱ្យមានការគិតវិជ្ជមានចំពោះវិស័យកសិកម្ម ផ្អែកលើទស្សនាទាន មានហូប មានប្រើ មានបាន និងមានរហូត ជួយវិភាគសេដ្ឋកិច្ច និងគណនាថ្លៃដើមផលិតដល់កសិករ និងលើកទឹកចិត្តកសិករ ឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីក្រសួងអាចផ្តល់ការគាំទ្រឱ្យបានកាន់តែច្រើនថែមទៀត៕

ដោយ ទិត ស្រ៊





