ឯកឧត្តម ឌិត ទីណា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់មកពីគ្រប់មជ្ឈដ្ឋានចូលរួមក្នុងមហាព្រឹត្តការណ៍ ការធ្វើដំណើរថ្មើរជើង (Solidarity March) នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញនូវគាំទ្រចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់កងទ័ព និងក្រុមគ្រួសារ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា ថៃ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរៈភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់កម្លាំងកាយចិត្តរបស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារជាតិមាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃនាពេលកន្លងមកក៏ដូចជានៅពេលនេះដែរ ដែលថៃកំពង់ចង់បានទឹកដីខ្មែរនៅតំបន់មួយចំនួន។

ឯកឧត្តម រដ្ឋមន្ត្រីក៏បាននាំយកនូវអំណោយ មានថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលជាទឹកចិត្ត និងការរួមវិភាគទានរបស់ថ្នាក់ដឹកនាំក្រសួង សប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម ចែកជូនដល់ កងកម្លាំងយើង ដើម្បីជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា៕



ដោយ ទិត ស្រ៊





