លោក គង់ ចាន់ធីណា៖ លទ្ធផលមេដាយ ២៣ គ្រឿងក្នុងការប្រកួតកីឡាហាប់គីដូ ជើងឯកអាស៊ីអាគ្នេយ៍ លើសពីការរំពឹងទុក
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជាដែលដឹកនាំកីឡាករ កីឡាការិនីហាប់គីដូកម្ពុជាចូលរួមប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៥ បានលើកឡើងថា ហាប់គីដូកម្ពុជាឈ្នះមេដាយ២៣គ្រឿង ដោយលទ្ធផលនេះលើសពីការរំពឹងទុក បន្ទាប់ពីក្តីរំពឹងទុកមុនពេលចេញប្រកួត គឺចង់បានដណ្តើមបានមេដាយត្រឹម១០គ្រឿងចុះក្រោម ឬ៥គ្រឿងឡើងលើ គឺទទួលយកបានហើយ។

នេះជាការលើកឡើងរបស់លោក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសវិលត្រឡប់មកដល់មាតុប្រទេសវិញជាមួយក្រុមកីឡាករ កីឡាការិនីពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅនៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី ដោយមាន៨ប្រទេសចូលរួម។

លោក គង់ ចាន់ធីណា បានគូសបញ្ជាក់ទៀតថា មេដាយចំនួន ២៣គ្រឿងរបស់កម្ពុជា ដែលដណ្តើមបានរួមមានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង។ ជាការកត់សម្គាល់របស់លោក គឺថា មានវិញ្ញាសាខ្លះ កីឡាករ កីឡាការិនីកម្ពុជាមានមានគុណភាពបច្ចេកទេសល្អជាង ដែលឈានដល់ការឈ្នះមេដាយមាស រីឯវិញ្ញាសាខ្លះទៀត គឺកីឡាករ កីឡាការិនីកម្ពុជានៅមានកម្រិតនៅឡើយ ដោយចំណុចខ្វះខាតទាំងនេះយើងនឹងបន្តការហ្វឹកហាត់បង្កើនគុណភាពបំពេញការខ្វះខាត ដើម្បីត្រៀមការប្រកួតអន្តរជាតិលើកក្រោយៗទៀត។ លោកបន្ថែមថា នេះជាការចូលរួមប្រកួតអន្តរជាតិជាលើកទី២ របស់ប្រភេទកីឡាហាប់គីដូកម្ពុជា បន្ទាប់ពីការចូលរួមប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០២៤កន្លងទៅជាមួយនឹងសមិទ្ធផលមេដាយជាគ្រឿងផងដែរ។ យ៉ាងណាក្តី ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៥នេះ គឺកីឡាករ កីឡាការិនីកម្ពុជាបានប្រឹងប្រែងប្រកួតអស់ពីលទ្ធភាព ហើយយើងទទួលបានសមិទ្ធផលជាមេដាយជូនជាតិ សរុបចំនួន២៣គ្រឿង។

ចំពោះមេដាយមាសចំនួន ៤គ្រឿងរបស់កម្ពុជាដណ្តើមបានដោយកីឡាករ សុខុន សីហនុត មេដាយមាសលើវិញ្ញាសាប្រយុទ្ធ-៣៥គីឡូក្រាម, កីឡាការិនី គង់ម៉ូណា ដាយអាណា មេដាយមាសលើវិញ្ញាសាលោតចម្ងាយ, កីឡាការិនី គង់ម៉ូណា ជេសស៊ីកា មេដាយមាស លើវិញ្ញាសាលោតចម្ងាយ និងកីឡាករ ភិន មុន្នីរតន៍ មេដាយមាសលើវិញ្ញាសាលោតចម្ងាយ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូកម្ពុជាក្រោមការដឹកនាំរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធបានបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៥ នាក់ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និងកីឡាការិនី ៤ នាក់។ សហព័ន្ធកីឡាហាប់គីដូកម្ពុជាសព្វថ្ងៃនេះធ្វើដំណើរទៅមុខ ដោយសារប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឧកញ៉ា សៅ សេងហាក់ លោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ និងសមាជិករបស់សហព័ន្ធមិនទាន់ទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជន និងការគាំទ្រថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចសហព័ន្ធកីឡាជាតិនានានៅឡើយទេ។ រាល់ចំណាយគ្រប់បែបយ៉ាង និងការប្រកួតជើងឯកថ្នាក់ជាតិរបស់សហព័ន្ធជាថវិកាឧកញ៉ា សៅ សេងហាក់ សហព័ន្ធកីឡាហាប់គីដូកម្ពុជា និងលោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ៕
ដោយ ហេង ណាលីន





