អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះពិនិត្យដំណើរការសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជន
AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យដំណើរការសាងសង់លំនៅដ្ឋានជូនគ្រួសារអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ អមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ ថ្នាក់ដឹកនាំក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រួសារអតីតយុទ្ធជនជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា អតីតៈនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារអតីតយុទ្ធជន ដែលរស់នៅទីនោះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនដែលទើបបានទទួលផ្ទះថ្មី ត្រូវបន្តខិតខំប្រឹងប្រែងលើកកម្ពស់ជីវភាព ចេះសាមគ្គី និងជួយគ្នាពេលមានធុរៈ។ នេះគឺដោយសារគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយ មិនប្រកាន់ពូជសាសន៍ ឬសាសនាណាឡើយ និងបានបើកសិទ្ធិទូលាយក្នុងការទំនាក់ទំនង ស្វែងរកជំនួយពីបណ្តាប្រទេសជាមិត្តនៅលើ សកលលោក ដើម្បីយកមកឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងជួយកសាងសហគមន៍នៅកម្ពុជាឱ្យមានការរីកចម្រើន។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តទៀតថា ជាគោលការណ៍នៅពេលខាងមុខនឹងខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាននានាក្នុងការកំណត់ដើម្បីជ្រើសរើសគ្រួសារក្រីក្រលំបាកខ្វះខាតគ្មានទីលំនៅពិតប្រាកដ ដើម្បីផ្តល់ជូនផ្ទះសប្បុរសធម៌នេះបន្តទៀត។ សូមបងប្អូនអតីតគ្រួសារយុទ្ធជនទាំងអស់ ត្រូវចេះថែរក្សាផ្ទះនេះឱ្យបានល្អ និងត្រូវបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត ផ្គត់ផ្គង់កូនចៅឱ្យបានរៀន សូត្រគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្តបានអគុណដល់ ឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ នៅលើទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម មានសុភមង្គល និងមានទេសភាព អាកាសធាតុដ៏ស្រស់ត្រកាលមួយនេះតរៀងទៅ៕

ដោយ៖ បៃ ស៊ីថុន





