មន្ត្រីជំនាញចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របីជូនប្រជាពលរដ្ឋនៅស្រុកសណ្ដាន់
AKPកំពង់ធំថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥--ដោយមានការយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានចាត់ឱ្យលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនឹងមន្ត្រីជំនាញ ភ្នាក់ងារសុខភាពសត្វភូមិដោយមានកិច្ចសហការពី លោកអភិបាលរងនៃគណៈអភិបាលស្រុកសណ្តាន់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

លោក ចាន់ បញ្ញាវ័ន្ដ បានលើកឡើងថា ការចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកដល់សត្វគោ ក្របីជូនប្រជាពលរដ្ឋជាលទ្ធផលសម្រេចចាក់បានសរុបចំនួន១៣០ក្បាល ក្នុងនោះសត្វគោចំនួន១២៤ក្បាល និងសត្វក្របីចំនួន០៦ក្បាលនិងបានផ្តល់ជូនថ្នាំព្យាបាល និងវ៉ាក់សាំងសាទឹក១០០០កម្រិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់ផងដែរ។

លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាកសិករ ដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ បន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើងនិងបានណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វ និងនាំសត្វទៅរកទីទួលសុវត្ថិភាពនារដូវទឹកជំនន់នេះ ប្រសិនបើមានសត្វឈឺក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា៕


ដោយ៖ ស៊ុម វណ្ណា





