សិក្ខាសាលាស្តីពីការណែនាំបច្ចេកទេសអនុវត្តកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញបើកសិក្ខាសាលាស្តីពីការណែនាំបច្ចេកទេសអនុវត្តកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥ ដែលការអនុវត្តកម្មវិធីនេះមានគោលបំណង៖ ១. វាស់ស្ទង់សមត្ថភាពរបស់សិស្សអាយុ១៥ឆ្នាំនៅកម្រិតមធ្យមសិក្សាទាំងចំណេះដឹង និងបំណិនលើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល ដែលលទ្ធផលអាចប្រៀបធៀបបានជាមួយនឹងប្រទេសទូទាំងពិភពលោក។ ២. សិក្សាអំពីស្ថានភាពសិស្សអាយុ១៥ឆ្នាំ កត្តាសង្គម-សេដ្ឋកិច្ច កត្តាគ្រួសារ កត្តាគ្រូបង្រៀន កត្តាសាលារៀន និងសហគមន៍ក្នុងបរិបទកម្ពុជា ពោលគឺជាការវាយតម្លៃលើស្ថានភាពនៃប្រព័ន្ធអប់រំកម្ពុជាទាំងមូល។ ៣. កំណត់បាននូវកិច្ចអន្តរាគមន៍គោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំកម្ពុជានៅកម្រិតមធ្យមសិក្សា និង៤. ផ្តល់ជាភស្តុតាង និងទិន្នន័យអំពីកម្រិតសមត្ថភាពសិស្សអាយុ១៥ឆ្នាំ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងសូចនាករគុណភាពអប់រំនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។


ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លទ្ធផលនៃកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្ស បានក្លាយជារង្វាស់មួយដ៏សំខាន់សម្រាប់វាស់វែងវឌ្ឍនភាពនៃប្រព័ន្ធអប់រំទាំងមូលធៀបនឹងស្តង់ដាអន្តរជាតិ ជាពិសេសឆ្លើយតបនឹងបរិវត្តកម្មសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល ដែលទាមទារការផ្តោតលើការកសាងមូលធនមនុស្សដែលមានសមត្ថភាពសកល។ ជាក់ស្តែង ក្រសួងបានជ្រើសរើសយកសូចនាករគន្លឹះចំនួនបី ដើម្បីវាស់វែងសមិទ្ធកម្មអប់រំនៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ ១. លទ្ធផលនៃកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត ២. អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និង៣. អត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានកិច្ចសហការល្អក្នុងការណែនាំ និងហ្វឹកហាត់តេស្តស្តង់ដាដល់សិស្សានុសិស្សនៅតាមសាលារៀនគោលដៅ ដើម្បីត្រៀមអនុវត្តតេស្តកម្មវិធីអន្តរជាតិ រង្វាយតម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥នាពេលខាងមុខ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





