កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម គុយ ហាក់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើកទិសដៅអនុវត្តការងារបន្ត នៅសាលប្រជុំក្រុងឧដុង្គម៉ែជ័យ ដោយមានអ្នកចូលរួម៦៨នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនអង្គពិធីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវ័ន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព" ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល" ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ និងរួមទាំងបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺ កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញការងារ ដូចជា៖ ត្រូវគិតគូរដល់ប្រជាពលរដ្ឋជាចម្បង ដើម្បីទទួលបានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការលើក និងអនុវត្តគម្រោងអាទិភាព ត្រូវផ្ដោតលើតម្រូវជាក់ស្ដែងរបស់ប្រជាជន និងតំបន់មានសក្ដានុពសេដ្ឋកិច្ច ដែលជួយដល់ការលើកម្ពស់ជីវភាពរបស់ប្រជាជន។ ត្រូវចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រជាពលរដ្ឋ ដោយខិតខំអនុវត្តការងារឱ្យអស់ពីកម្លាំងកាយ ចិត្ត និងសមត្ថភាព និងគិតដល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ត្រូវឆ្លើយតបនឹងតម្រូវការ និងសំណូមពរបន្ទាន់របស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ក្នុងនាមជាមន្ដ្រីបម្រើប្រជាជន ដោយមិនតាំងខ្លួនជាម្ចាស់លើប្រជាជនឡើយ។

ត្រូវបន្ដកែទម្រង់ឱ្យកាន់តែល្អប្រសើរជាងមុន ដែលជាកាតព្វកិច្ចរបស់មន្ដ្រីគ្រប់គ្នា ដោយអនុវត្តតាមអភិក្រមបុរេសកម្ម ផ្លាស់ប្ដូរ និងចាប់យកនូវផ្នត់គំនិតជឿនលឿន ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ត្រូវចូលរួមក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល, ខិតខំកសាងស្នាដៃ ឱ្យបានច្រើន, ជាពិសេសត្រូវបន្ដអនុវត្តអភិក្រម៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់។ ត្រូវចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ តាមរយៈការគោរពតាមសម្លេងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។ ត្រូវយកចិត្តទុកដាក់មន្ដ្រីតាមរយៈការលើកទឹកចិត្តគ្រប់រូបភាព, បង្កើនភាពស្និទ្ធស្នាល, លុបបំបាត់បក្ខពួកនិយម និងគ្រួសារនិយម៕
ដោយ លឹម សាន្ត





