ផ្លូវជាតិលេខ៤៨ ត្រូវបានធ្វើការប្រគល់-ទទួល បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យរួចរាល់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCIeng & KECC Joint Venture និងក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ចុះពិនិត្យគុណភាព និងបច្ចេកទេសលើការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីធ្វើពិធីប្រគល់-ទទួល។

ការចុះពិនិត្យនេះ គឺពិនិត្យឡើងវិញគុណភាពនៃការសាងសង់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាដើម ដោយក្នុងនោះបានធ្វើការពិនិត្យទៅលើកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) ធ្វើតេស្តជម្រាបទឹកលើស្រទាប់កៅស៊ូ និងពិនិត្យចំណុចបច្ចេកទេសមួយទៀតផងដែរ។ ក្រោយពីបានត្រួតពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃ និងបានឯកភាពធ្វើការប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ ជាផ្លូវការ។ ក្នុងនោះផងដែរ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចត្រូវថែទាំផ្លូវនេះ រយៈពេលធានាពីរឆ្នាំបន្ថែមទៀតបន្ទាប់ពីការប្រគល់-ទទួលនេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ដែលបានសម្រេចការងារសាងសង់នេះ ទោះបីជាស្ថានភាពភូមិសាស្ត្រពិបាកក្នុងការសាងសង់ក៏ដោយ និងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើកទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឱ្យខូចខាតដល់ផ្លូវថ្នល់ ដែលជាសមិទ្ធផលរបស់ប្រទេសជាតិយើង។

សូមរំលឹកផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ផ្លូវនេះត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ ទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និងពីរកន្លង ប្រវែង១១៨ គីឡូម៉ែត្រ។ តាមផែនការគម្រោង គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យាពេលសាងសង់ជាង១ឆ្នាំ ពោលគឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ។ គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ)





