ក្រុមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តបន្ទាយមានជ័យ ប្រគល់អំណោយជូនកងកម្លាំងការពារព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥--ក្រុមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តបន្ទាយមានជ័យព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះបានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ ដោយបាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ទៅប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តចែកជូនដល់កងកម្លាំងយោធា ដែលកំពុងឈរជើងប្រចាំការ ការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

អំណោយដែលបានប្រគល់ជូនរួមមាន អង្ករចំនួន ១តោន, មីចំនួន ១០០កេស, ទឹកត្រី ចំនួន ១០០យួរ, ទឹកស៊ីអ៊ីវចំនួន ១០០យួរ, ត្រីខចំនួន ១០០យួរ, ទឹកសុទ្ធចំនួន ១០០កេស, ខ្ទឹមសចំនួន ៥០គីឡូក្រាម, ភួយចំនួន ១០០ភួយ, ប្រេងឆាចំនួន ៥០ដប និងនំប៉័ងចំនួន ១.០០០ដើម។ ការរួមចំណែកនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសម្រាលបន្ទុក និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត ស្ថិតនៅឆ្ងាយពីក្រុមគ្រួសារ ដើម្បីធានាសុវត្ថិភាព និងសន្តិភាពជូនជាតិ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តបន្ទាយមានជ័យ ដែលបានចំណាយថវិកា និងធនធានផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភដល់កងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។

ឯកឧត្តមបានគូសបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តបន្ទាយមានជ័យ ដែលបានបង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំងរបស់យើង។ អំណោយទាំងនេះ មិនមែនត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ តែជាកម្លាំងចិត្តដ៏ធំធេង ដែលបង្ហាញថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន តែងតែគិតគូរ និងគាំទ្រដល់វីរភាពរបស់បងប្អូនកងទ័ព។»

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពាវនាវដល់សាធារណជនទូទៅ សប្បុរសជន និងអង្គការនានាឱ្យបន្តចូលរួមគាំទ្រ និងជួយឧបត្ថម្ភដល់កងកម្លាំងការពារជាតិនៅសមរភូមិមុខ ដើម្បីរួមចំណែកដល់ការងារការពារជាតិមាតុភូមិឲ្យបានរឹងមាំ និងស្ថិតស្ថេរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នា ត្រូវតែចូលរួមចំណែកក្នុងការកសាង និងការពារជាតិមាតុភូមិរបស់យើង។ ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ គឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ សូមបងប្អូនជនរួមជាតិទាំងអស់ បន្តគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈយុទ្ធជនរបស់យើង ដែលកំពុងឈរជើងការពារទឹកដី។»
ឯកឧត្តមក៏បានជូនពរដល់ក្រុមការងារនៃក្រុមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តបន្ទាយមានជ័យ ឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលមាំមួន និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏រឹងមាំរវាងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលជាគន្លឹះដ៏សំខាន់ក្នុងការធានាបាននូវសន្តិសុខ និងភាពសុខសាន្តរបស់ប្រទេសជាតិ៕
ដោយ ឈុន សារ៉ាត





