កិច្ចប្រជុំប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ស្រុកសំរោងទង
AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- លោក ប៉ាសួង សៅគន្ធ អនុប្រធានមន្ទីរ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសំរោងទង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ លោក ប៉ាសួង សៅគន្ធ បានសម្តែងនូវការកោតសរសើរដ៏ស្មោះ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងសមិទ្ធផលនានានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងនោះការផ្លាស់ប្តូរ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាតជួយទ្រទ្រង់សុខភាព ប្រើប្រាស់ បង្គន់អនាម័យត្រឹមត្រូវ មានសុខភាពល្អ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។

លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកប ដោយបរិយាបន្ន និងចីរភាព” តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ លោកប៉ាសួង សៅគន្ធ បញ្ជាក់ថា មន្ទីរបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ។

លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍នឹងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព មានថវិកាកម្មវិធីសរុបចំនួន ៩៥,១៤លាន ដុល្លារអាមេរិក ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ២,១៤ លានដុល្លារអាមេរិក និង ហិរញ្ញប្បទានសប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៩៣លានដុល្លារអាមេរិក ក្នុងនោះក៏មានថវិកាជំនួយឥតសំណងរបស់មូលនិធិជប៉ុន សម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ចំនួន ៣លាន ដុល្លារអាមេរិក ដែលកម្មវិធីនេះ ត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៩ នៅក្នុងខេត្តគោលដៅចំនួន៩ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ស្ពឺ និងខេត្តកំពត មានភូមិគោលដៅសរុបចំនួន៤០០ភូមិ និង៥០ឃុំ៕
ដោយ លឹម សាន្ត





