ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹក និងការផ្តល់សម្ភារសាងសង់បង្គន់ នៅបន្ទាយមានជ័យ ឆ្ពោះទៅកាន់សុខុមាលភាពសហគមន៍
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥--ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍នៅស្រុកថ្មពួក និងការផ្តល់សម្ភារសាងសង់បង្គន់គ្រួសារចំនួន៦០ខ្នង ជូនប្រជាពលរដ្ឋក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រារព្ធឡើងជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីដ៏មានសារៈសំខាន់នេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យផងដែរ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ទីតាំងបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ គឺស្ថិតនៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក។ គម្រោងនេះត្រូវបានអនុវត្តដោយថវិកាជាតិក្នុងផែនការឆ្នាំ២០២៥ និងគ្រោងបញ្ចប់ក្នុងរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ ប្រជាពលរដ្ឋចំនួន ១៧៥១ នាក់ (ស្រី ៨៥៨ នាក់) មកពី ៥៤១ គ្រួសារ ក្នុង ៣៩៣ ខ្នងផ្ទះនៅភូមិថ្មី នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធទឹកស្អាតនេះ។

សម្រាប់ការសាងសង់បង្គន់អនាម័យតាមគ្រួសារចំនួន ៦០ ខ្នង គឺនឹងត្រូវអនុវត្តនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ។ គ្រួសារនីមួយៗនឹងទទួលបានសម្ភារជាកញ្ចប់រួមមាន៖ លូ (មុខកាត់១ម៉ែត្រ កម្ពស់០.៥ ម៉ែត្រ) ចំនួន ៣ កង ជើងទម្រសម្រាប់លាងចំនួន១គ្រឿង ចានបង្គន់ប៉សឺឡែន ចំនួន ១ គ្រឿង ផ្នឹសបិទការ៉ូ ចំនួន ១ គ្រឿង គម្របលូស្ទុប ចំនួន ១ គ្រឿង បំពង់បង្ហូរ (ប្រវែង ១.៥ ម៉ែត្រ) ចំនួន ១ ដើម បំពង់ផ្សែង ចំនួន ១ ដើម ធុងទឹកជ័រ ចំនួន ១ គ្រឿង ស៊ីម៉ង់ត៍ ១០ គីឡូក្រាម និងឥដ្ឋតាន់ ៦០ ដុំ ស័ង្កសី (២ ម៉ែត្រ x ០.៧ ម៉ែត្រ) ចំនួន ១០ សន្លឹកសរុបទាំងអស់មាន ៦០ បង្គន់អនាម័យដែលត្រូវសាងសង់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ភួង សោភា បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតឡើងបានដោយសារសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដែលជាផ្លែផ្កានៃការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិរបស់សម្តេចតេជោ ហ៊ុន សែន ដែលឯកឧត្តមបានចាត់ទុកជាបិតាសន្តិភាពនៃកម្ពុជា ជាស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។

ជាមួយគ្នានោះ ឯកឧត្តមបានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជាប់លាប់ក្នុងការអនុវត្តការងារ និងបានណែនាំឱ្យមានការបង្កើតគណៈកម្មការគ្រប់គ្រងប្រព័ន្ធទឹក ក៏ដូចជាការសាងសង់បង្គន់អនាម័យ និងពិភាក្សាជាមួយប្រជាពលរដ្ឋអំពីតម្លៃនៃការប្រើប្រាស់ ដើម្បីធានាឱ្យមានដំណើរការប្រកបដោយចីរភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឱ្យប្រើប្រាស់បានយូរអង្វែង។

បន្ថែមទៀតនោះឯកឧត្តម ភួង សោភា ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ដោយសារមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឯកឧត្តមសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តជំរុញឱ្យបន្តផ្តល់កម្លាំងចិត្តដល់កងកម្លាំងវីរកងទ័ពជួរមុខដែលកំពុងការពារព្រំដែន និងបូរណភាពទឹកដីកម្ពុជា។ គម្រោងទាំងពីរនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជនបទ៕
ដោយ ឈុន សារ៉ាត





