សាខាកាកបាទក្រហមខេត្តកំពង់ធំ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំរៀបចំប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជបិតាជាតិខ្មែរក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម៨៩យាងចូល៩០ព្រះវស្សា ក្រោមវត្តមានលោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម នួន ផារ័ត្នប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខាយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តជាច្រើននាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាបានទ្បើងអានសារថ្វាយព្រះពរ និងនិមន្តព្រះសង្ឃ ជយន្តោ ប្រាស់ព្រំថ្វាយសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួននិងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ។

ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី បានប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យ រួមមាន៖ទឹកបរិសុទ្ធ ៥កេស អង្ករ ៥ បេ មី៥ កេស ត្រីខ ៥យួរទឹកត្រី៥យួរទឹកស៊ីអ៊ីវ៥ យួរ ស្លាដក់៥ឈុតនិងថវិកាមួយចំនួនប្រគេនព្រះសង្ឃ។សម្រាប់យុវជនកាកបាទក្រហមកម្ពុជា ទីប្រឹក្សា ចំនួន២៣នាក់ ក្នុងម្នាក់ថវិកាចំនួន១០០០០រៀល និងអ្នកស្ម័គ្រចិត្ត៥នាក់ ក្នុងម្នាក់ថវិកាចំនួន២០០០០រៀល៕



ដោយ ស៊ុម វណ្ណា





