ឯកឧត្តម អ៊ុក ពញ្ញា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភពនៅមណ្ឌលសុខភាពខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអញ្ជើញអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសម្ភពនៅមណ្ឌលសុខភាពស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត រួមនិងអាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្ធានជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ពញ្ញា បានលើកឡើងអំពីសមិទ្ធផលនានាឱ្យឃើញពីការរីកចម្រើនដែលដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះដែលបានឧបត្ថម្ភ និងគាំទ្ររបស់រាជរដ្ឋាភិបាល មានអាគារសម្ភព ផ្លូវ ក្លោងទ្វារ ការចាក់ដីបំពេញទីធ្លា របង អណ្តូងទឹក បន្ទប់ទឹក និង ដាក់អំពូលពន្លឺព្រះអាទិត្យ ដែលសមិទ្ធផលទាំងអស់នេះគឺបានកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងសប្បុរសជនក្នុង និងក្រៅប្រទេសជាច្រើនទៀតផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា នេះជាសារនយោបាយមួយដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុសតាមមជ្ឈដ្ឋានគ្រប់ទិសទី ដើម្បីជាការចូលរួមរក្សាគុណតម្លៃជាតិ ពង្រឹងនិងពង្រីកសីលធម៌ និងកសាងមោទកភាពជាតិ លើកកម្ពស់កិត្យានុភាពកត្តាសាមគ្គី ធ្វើឱ្យសហគមន៍ជឿនលឿន ដែលជាផ្នែកមួយនៃអំណោយផលដល់ការប្រែក្លាយប្រទេសជាតិទៅកាន់វឌ្ឍនភាព។

ឯកឧត្តមរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាខិតខំថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត មិនត្រូវធ្វើការចោលសំរាមពាសវាលពាសកាល ឬធ្វើការចោលសំរាមចាក់ចូលនៅតាមដងស្ទឹង អូរប្រឡាយគ្មានរបៀបរៀបរយនេះឡើយ ព្រោះវាបង្កឱ្យមានមេរោគនៅក្នុងទឹកបង្កហានិភ័យពេលដែលយកទឹកទៅប្រើប្រាស់ ឬបង្កឱ្យមានសត្វល្អិត រុយរោម ឬមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យខូចសោភ័ណភាពទៀតផងដែរ។ កូនចៅរបស់ខ្លួនត្រូវចៀសផុតឱ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវបន្តណែនាំដល់កូនចៅរបស់ខ្លួន។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរទៅកាន់ទីកន្លែងណាមួយមិនថាទីជិតឬទីឆ្ងាយនោះទេ៕


ដោយ បៃ ស៊ីថុន





