គម្រោងក្រាលផ្លូវបេតុងលើខ្នងទំនប់អាងកំពីងពួយនឹងបញ្ចប់នៅចុងឆ្នាំនេះ
AKP បាត់ដំបង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- គម្រោងផ្លូវបេតុងមួយខ្សែ ដែលស្ថិតនៅលើខ្នងទំនប់អាងកំពីងពួយ ដែលមានទីតាំងក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងបង្កើនល្បឿនស្ថាបនានឹងត្រូវបញ្ចប់គម្រោងរួចដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៥ ហើយគម្រោងមួយនេះនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះកាន់តែមានភាពងាយស្រួលដឹកជញ្ជូនកសិផល ព្រមទាំងងាយស្រួលដល់ការចេញចូលរបស់ភ្ញៀវទេសចរ។ កន្លងមកផ្លូវលើខ្នងទំនប់អាងកំពួងពួយដែលប្រជាពលរដ្ឋនិងភ្ញៀវទេសចរធ្វើដំណើរយ៉ាងមមាញឹកគឺមានការលំបាកខ្លាំងជាពិសេសនារដូវវស្សា។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ថា ផ្លូវមួយខ្សែនេះកំពុងជំរុញល្បឿនរាយឆ្អឹងដែកដើម្បីចាក់បេតុង ដោយមានទទឹង៨ម៉ែត្រ បណ្ដោយ ៨.០០០ ម៉ែត្រ តាមបណ្តោយនៃខ្នងទំនប់ ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

អ្នកមីង ស៊ុយ ប៉ែន រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ បានប្រាប់ឱ្យដឹងថា អ្នកស្រុកនៅទីនេះប្រកបរបរធ្វើស្រែវស្សាផងប្រាំងផង។ ស្រូវវស្សាលក់បានថ្លៃជាងស្រូវប្រាំង តែពិបាកដឹកយកទៅរោងម៉ាស៊ីន បើគេមកទិញគឺថោកជាងដឹកទៅដល់រោងម៉ាស៊ីនបើបានផ្លូវល្អ យើងដឹកទៅលក់ដល់កន្លែងល្អជាងលក់នៅវាលស្រែ។ ក្រៅពីនេះអ្នកនៅឃុំតាគ្រាម ក៏ប្រកបរបរលក់ដូរចំណីអាហារឱ្យភ្ញៀវទេចរដែលគេមកលេងពេលបុណ្យទាននឹងថ្ងៃសៅរ៍ អាទិត្យគ្រាន់បានចំណេញបន្ថែម បើផ្លូវស្រួលគេមកលេងច្រើន។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរធនធានទឹកខេត្តបានបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលក្នុងការធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនកសិផលចាប់ពីចុងទំនប់ម្ខាងដល់ចុងម្ខាងទៀត ដែលមានចម្ងាយជិត១០គីឡូម៉ែត្រ ហើយម្យ៉ាងវិញទៀតនៅលើខ្នងទំនប់នេះក៏សម្បូរទៅដោយភ្ញៀវទេសចរចេញចូលទៅកម្សាន្តអាងទឹកកំពីងពួយនាចុងសប្តាហ៍ ឬថ្ងៃសម្រាកផងនោះទើបក្រសួងសម្រេចបង្កើតគម្រោងនេះឡើង ដើម្បីឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ដែរថា អាងទឹកកំពីងពួយនៅរដូវវស្សាគឺអាចស្តុកទឹកបានរហូតដល់១១០លានម៉ែត្រគូបតម្កល់ទុកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ហើយនៅរដូវវស្សាផ្ទៃបឹងល្វឹងល្វើយបង្កើតបានជាទស្សនីយភាពមួយដ៏ស្រស់ត្រកាលខ្យល់អាកាសល្អ ដែលភ្ញៀវទេសចរអាចមើលឃើញផ្ទៃទឹកធំល្វឹងល្វើយលាតសន្ធឹងពីភ្នំម្ខាងទៅភ្នំម្ខាងដាច់កន្ទុយភ្នែក។ នៅរដូវបុណ្យទានម្ដងៗគេសង្កេតឃើញភ្ញៀវទេសចរទៅងូតទឹកលេងកម្សាន្តនៅខាងក្រោមទ្វារទឹកដែលមានទឹកហូរថ្នាក់ៗតាមកម្មជណ្ដើរ យ៉ាងសប្បាយរីករាយ ហើយតាមរយៈភ្ញៀវចូលទៅកម្សាន្ត វានឹងជួយបង្កើតជាមុខរបរ រកប្រាក់ចំណូលឱ្យអ្នកស្រុកដែលរស់នៅទីនោះផងដែរ៕
ដោយ សុផល





