អាជ្ញាធររាជធានីភ្នំពេញប្រកាសត្រូវការកម្លាំងពលកម្មជាង៣ម៉ឺននាក់ វិស័យសំណង់ កាត់ដេរ ឧស្សាហកម្មផ្សេងៗជាច្រើនមុខទៀត
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥-- អាជ្ញាធររាជធានីភ្នំពេញប្រកាសត្រូវការកម្លាំងពលកម្មចំនួន៣១,៨០៧នាក់ វិស័យសំណង់ កាត់ដេរ ឧស្សាហកម្មផ្សេងៗជាច្រើនមុខទៀត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ។

ការប្រកាសរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានធ្វើឡើង បន្ទាប់ពីមានពលករមួយចំនួននៅក្នុងប្រទេសថៃមានបំណងត្រឡប់មកប្រទេសកម្ពុជា ក្រោយពេលប្រទេសទាំងពីរ ទោះជម្លោះព្រំដែននឹងគ្នា។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយផងដែរ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃ ទៅស្រុកកំណើត នៅពេលមានបញ្ជាពីរាជរដ្ឋាភិបាល។ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ទូទាំងប្រទេសកម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណជាង២៣ម៉ឺនកន្លែង ដែលកំពុងរង់ចាំបងប្អូនចុះឈ្មោះចូលទៅធ្វើការ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានដាក់ចេញនូវផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ ២០២៣-២០២៥ ដើម្បីកែលម្អឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ស្បែកជើងកាបូប និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃជាទឹកប្រាក់ចំនួន ៨៤៦ លានដុល្លារអាមេរិក កើនឡើង៣០% បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៣ពោលគឺឈរលើលំដាប់ថ្នាក់ទី១ ក្នុងចំណោមផលិតផលនាំចេញសំខាន់ៗជាច្រើនមុខរបស់កម្ពុជា៕


ដោយ សួស សំរិត





