សម្តេចតេជោ ហ៊ុន សែន៖ ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ?
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ --
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរពីភាពចាំបាច់ ដែលភាគីថៃត្រូវបង្កើតក្រុមការងារមួយ ដើម្បីតាមដានគណនីហេ្វសប៊ុករបស់សម្តេច ប្រសិនបើពួកគេពិតជាគ្មានកំហុសមែន។
នៅលើបណ្តាញសង្គមផ្លូវការ នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរ៖ «ថ្ងែនេះកាសែត The Nation របស់ថៃបានចេញផ្សាយអំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន»។
សម្តេចតេជោ បានចោទជាសំណួរទៅកាន់ភាគីថៃថា ហេតុអ្វីចាំបាច់ខ្លាចហេ្វសប៊ុក របស់សម្តេច បើសម្តេចគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់សម្តេច នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។
សម្តេចបន្ថែមថា «ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស ។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន»៕

ដោយ នីកា





