ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញដឹកនាំ និងសម្របសម្រួលការចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការសិក្សាគម្រោងប្រឡាយតភ្ជាប់ទន្លេមេគង្គ-ស្ទឹងសែន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង តំណាង K-Water និងក្រុមហ៊ុន YOOSHIN របស់កូរ៉េ ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង ចុះពិនិត្យទីតាំងជាក់ស្តែងចំណុចយកទឹកពីទន្លេមេគង្គ និងចំណុចទទួលទឹកនៅស្ទឹងសែន សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពបឋមនៃគម្រោងប្រឡាយតភ្ជាប់ទន្លេមេគង្គ-ស្ទឹងសែន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងបណ្តាទីតាំងមួយចំនួនក្នុងភូមិសាស្រ្ដនៃខេត្តទាំងបី ដូចជា៖ ទី១-ចំណុចយកទឹកទី១ ពីទន្លេមេគង្គ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទី២-ចំណុចយកទឹកទី២ ពីទន្លេមេគង្គ ស្ថិតក្នុងភូមិកំពង់ប៉ាង ឃុំកាងចាង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទី៣-ចំណុចទទួលទឹកទី១នៅស្ទឹងសែនស្ថិតក្នុងភូមិកំពង់ពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ និងទី៤-ចំណុចទទួលទឹកទី២នៅស្ទឹងសែន ស្ថិតក្នុងភូមិអណ្តូងស្រះ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ព្រមទាំងបានចុះពិនិត្យទីតាំងមួយទៀតនៅចំណុចអូរតាឡាស ព្រំប្រទល់ស្រុកឆែប ខេត្តព្រះវិហារ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





