ឯកឧត្តម គួច ចំរើន លើកទឹកចិត្តដល់ពលករដែលមកពីប្រទេសថៃ ស្វែងរកការងារធ្វើនៅក្នុងស្រុក
AKP កណ្ដាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងលើកទឹកចិត្តបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរដែលទើបវិលមកពីប្រទេសថៃ ចំនួន៤៣គ្រួសារ ដែលមានទីលំនៅក្នុងស្រុកកោះធំ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តមអភិបាលខេត្តកណ្តាលបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា កំពុងមានតម្រូវការការងារប្រមាណ ១៥០០០ កន្លែង សម្រាប់ពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរយើងដែលទើបត្រឡប់មកពីប្រទេសថៃវិញ ហើយរោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់ សុទ្ធតែជាសមាជិករបស់ប.ស.ស។ នៅពេលដែលបងប្អូនធ្វើការនៅទីនោះ បងប្អូននឹងក្លាយជាសមាជិក ប.ស.ស ហើយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ ២ឆ្នាំ អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ អាចសុំប្រាក់សោធននិវត្តន៍ នៅពេលអាយុ ៦០ឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ អាជ្ញាធរក្រុង ស្រុក សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ត្រូវរៀបជាតារាងបង្ហាញពីបណ្តារោងចក្រ រឺសហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិកដើម្បីបញ្ជូនព័ត៌មានទាំងនោះឱ្យមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនយើងបានដឹង និងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបាន ដោយមានការជួយសម្របសម្រួល លើនីតិវិធីផ្សេងៗពីមន្ត្រីរបស់យើង ព្រមជាមួយនឹងការបង្កើតគ្រុប Telegram មួយ ដើម្បីងាយស្រួលផ្តល់ពត៌មានផ្សេងៗជូនគាត់បានរហ័ស។

ឯកឧត្តមអភិបាលខេត្តកណ្តាលក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលឱ្យមានភាពងាយស្រួល លើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនៗបងប្អូនពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីគាត់ចង់ឱ្យកូនៗមករៀននៅស្រុកកំណើត។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមអំពីសាវតាជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក និងអំពីបច្ចុប្បន្នភាពស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ពិសេសនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលគោលជំហរដ៏ច្បាស់លាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនខាងលើដែលកំពុងមានជម្លោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានពាំនាំនូវគ្រឿងឧបភោគ បរិភោគ និងថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនពលករខ្មែរទើបត្រឡប់ពីប្រទេសថៃ មកកាន់មូលដ្ឋានស្រុកកោះធំ បច្ចុប្បន្នមានចំនួន៤៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី មួយយួរ និងថវិកា ១០ម៉ឺនរៀល។ ដោយឡែក ចំពោះពលករជាស្រ្តីមានផ្ទៃពោះ ចំនួន១រូប ទទួលបានថវិកាបន្ថែមចំនួន ៤០ម៉ឺនរៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





