សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឱ្យតែកងទ័ពថៃបើកព្រំដេនដោយឯកតោភាគីមុន កម្ពុជានឹងបើកតាមក្រោយដោយមិនចាំបាច់ចរចានោះទេ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានសម្បទានខ្លាំងណាស់ ទៅលើបញ្ហាច្រកព្រំដែន ជាពិសេសការនាំទំនិញចេញចូលតាមច្រកព្រំដែនរវាងប្រទេសទាំងពីរ ដោយសារតែកងទ័ពថៃជាអ្នកបិទច្រកដោយឯកតោភាគីដោយខ្លួនឯង ដូច្នេះគ្រាន់តែបើកដោយឯកតោភាគីដោយខ្លួនឯងឡើងវិញ ឱ្យស្ថានភាពវិលទៅរកដូចដើមមុនថ្ងៃទី៧មិថុនា គឺចប់រឿង មិនចាំបាច់ចរចាច្រើននោះទេ ខណៈដែលកម្ពុជារង់ចាំឆ្លើយតបទៅវិញ ។
ក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា ភាគីថៃបានស្នើសុំឱ្យកម្ពុជាលើកយកបញ្ហាច្រកព្រំដែន នៃប្រទេសទាំងពីរ មកដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC កាលពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅ ដោយសម្តេចបានឆ្លើយតបវិញភ្លាមៗថា វាមិនមែនជាកិច្ចការរបស់ JBC ដោយសារតែ JBC ទទួលខុសត្រូវតែរឿងបច្ចេកទេសព្រំដែន។

សម្តចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វាសាមញ្ញបំផុត ពេលដែលកងទ័ពថៃបិទព្រំដែនដោយឯកតោភាគី អត់មានប្រាប់កម្ពុជានោះទេ ហេតុដូចនេះវាស្រួលណាស់ បើកវិញឯកតោភាគីទៅចប់ហើយ កម្ពុជា ចាំតែទទួលទេ ខណៈដែលសម្តេចធិបតី អះអាងថា កម្ពុជាគ្មានបំណងធ្វើឱ្យប៉ះពាល់បងប្អូន ដែលរស់នៅតាមបណ្តោយព្រំដែន និងគ្មានបំណងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងទំនាក់ទំនងនោះទេ។
ជាមួយគ្នានេះ សម្តេចធិបតីថ្លែងបញ្ជាក់ថា ៖"កម្ពុជា ក៏មិនចង់រករឿងដែល យើងសម្បទានដល់ប៉ុណ្ណឹង យើងសម្បទានថា រឿងនេះ យើងអត់ចរចាទេ ប៉ុន្តែបើសិនជាថៃបើកវិញដោយឯកតោភាគី យើងនឹងបើកឡើងវិញដែរ៥ម៉ោងក្រោយ ដើម្បីឱ្យលំហូរនៃទំនិញ នៃប្រជាជនបានដូចដើម យើងសម្បទានដល់ប៉ុណ្ណឹង ប៉ុន្តែបើហៅមកអង្គុយគ្នាចរចាបើកគឺអត់ទេ ថៃបិទមុន បើកមុនទៅចប់ហើយ អានឹងរឿងមានប៉ុណ្ណឹងតើ" ។
ក្នុងនោះសម្តេចបវរធិបតី ក៏បានបញ្ជាក់ដែរថាសម្តេចក៏បានជជែកតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃ នូវកិច្ចចរចាផ្សេងៗ រួមទាំងកិច្ចការទាហាន និងទាហាន ដើម្បីកែសម្រួលកងទ័ពទាំងសងខាង កុំឱ្យប្រឈមមុខដាក់គ្នា ដោយកិច្ចការទាំងនេះ ត្រូវផ្អែកទៅលើទំនុកទុកចិត្តជាបុរេលក្ខខណ្ឌ ។ បុរេលក្ខខណ្ឌ នូវទំនុកចិត្តនេះ គឺត្រូវឱ្យភាគីថៃ ធ្វើមុនកម្ពុជា ដោយបើកច្រកព្រំដែន ឱ្យវិលទៅរកស្ថានភាពដូចដើម មុនថ្ងៃទី៧មិថុនា ដែលថៃ បានធ្វើដោយឯកតោភាគី មកលើកម្ពុជា នោះទើបអាចឈានទៅកិច្ចចរចា រឿងកងទ័ពបន្ថែមបាន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កម្ពុជា អត់ស្រឡាញ់សង្គ្រាមទេ ត្រូវបង្ហាញនូវសុច្ឆន្ទៈមុនសិន បង្ហាញនូវភាពបុរេសកម្ម បុរេលក្ខខណ្ឌគឺព្រំដែនត្រូវបើកទាំងសងខាង ទៅលក្ខខណ្ឌដូចដើមវិញ ហើយដើម្បីឱ្យព្រំដែននេះ បើកទៅធម្មតាវិញ មិនបាច់ចរចាគ្នាទេ សូមឱ្យកងទ័ពថៃបើកទៅ ព្រោះបិទ បិទតែខ្លួនឯង បើកតែខ្លួនឯងទៅ កម្ពុជានឹងឆ្លើយតបទៅវិញ កម្ពុជាសុំតែប៉ុណ្ណឹង៕ ដោយ៖ ប៊ុនរិទ្ធ





